
ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ស្មាតហ្វូនស៊េរីថ្មីម៉ាក Redmi ម៉ូដែល K-Series ដែលមានដូចជា Redmi K80 និង Redmi K80 Pro។ កំពូលស្មាតហ្វូនម៉ាក Redmi K80 Series នឹងបង្ហាញវត្តមាននៅមុនដំណាច់ឆ្នាំ 2024។ ហើយនៅពេលនេះបណ្តាញ Digital Chat Station បានធ្វើការទម្លាយព័ត៌មានទាក់ទងនឹងស្មាតហ្វូនកំពូលជំនាន់ថ្មីដែលនឹងមកដល់នៅចុងឆ្នាំនេះ។
យោងទៅលើការទម្លាយព័ត៌មានដោយ IT Home ដែលបានធ្វើការចែកចាយដោយ DCS នៅថ្ងៃនេះ បានបង្ហើបថា Redmi K80 Series របស់ Xiaomi នឹងបំពាក់នូវបន្ទះឈីបកំពូលជំនាន់ថ្មីចុងក្រោយរបស់ Qualcomm។ ប្រភពបានបញ្ជាក់ថា សម្រាប់ម៉ូដែល Xiaomi Redmi K80 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 3 ខណៈ Redmi K80 Pro នឹងប្រើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4។ ជាមួយគ្នានេះ Xiaomi ត្រូវបានគេដឹងថា មានការផ្តោតសំខាន់ទៅលើពីរចំនុចសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Series របស់ខ្លួន គឺការឌីស្សាញ និងថាមពលថ្ម ដោយក្រុមហ៊ុនអាចនឹងប្រើប្រាស់ថ្មគុណភាពខ្ពស់ប្រភេទ silicon anode batteries ដែលអាចនឹងបង្កើនទំហំធំជាង 5,000mAh នៅលើ K70 Series បច្ចុប្បន្ន។

ទៅលើការឌីស្សាញវិញ Redmi K80 Series ទំនងជានឹងរក្សាការឌីស្សាញដូចគ្នាទៅនឹងជំនាន់ Redmi K70 បច្ចុប្បន្នដែរ ក្នុងនោះមានអេក្រង់កម្រិត 2K, ស៊ុមជុំវិញជាលោហៈ និងស្រោបដោយកញ្ចក់មុខក្រោយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាព័ត៌មានបែកធ្លាយបឋមប៉ុណ្ណោះ ដោយមិនទាន់មានការបញ្ជាក់ព័ត៌មានណាមួយចេញពី Xiaomi ឬ Redmi ឡើង ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មី Redmi K80 Series បាននឹងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយយើងនឹងទទួលបានព័ត៌មានលម្អិតបន្ថែមទៀតពីកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ទម្រាំដល់ការប្រកាសចេញផ្លូវការណ៍មកដល់នាចុងឆ្នាំនេះ៕
