
យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ បាននិយាយថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Redmi K80 series គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។ បន្ទាប់ពីការដាក់លក់នៅលើទីផ្សាររយៈពេលត្រឹមតែ 10 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូននេះ Redmi K80 Series បានបំបែកកំណត់ត្រាថ្មីជាមួយការលក់បាន 1 លានគ្រឿង ដែលតួរលេខនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺធ្វើបានល្អជាងគេមិនធ្លាប់មាននោះទេសម្រាប់ស្មាតហ្វូនត្រកូល K Series ដែលចេញលក់នៅលើទីផ្សារនាពេលកន្លងមក។
សូមជំរាបថា ស្មាតហ្វូននេះ បានប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 27th ខែវិច្ឆិកា ហើយត្រឹមតែ 1 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូននេះទទួលបានការកក់ទុកមុនបានដក់ទៅជាង 60 ម៉ឺនគ្រឿង។ លោក Wang Teng Thomas ដែលជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Redmi បានបង្ហាញពីការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី K80 series ប្រហែលនឹងក្លាយជាស្មាតហ្វូនប្រណិតបំផុតសម្រាប់ឆ្នាំ 2025។ សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុន Redmi ធ្វើការពង្រឹងយ៉ាងខ្លាំងទៅលើសមត្ថភាព និងមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ អនុភាពខ្លាំង និងមានថ្មកាន់បានយូរ រួមទាំងប្រព័ន្ធកាមេរ៉ាថ្មី អាចថតបានស្អាតជាងមុនថែមទៀតផង។

ស្មាតហ្វូននេះមានតម្លៃចាប់ពី 2,499 យ៉ន់ (~$345)។ ស្មាតហ្វូន Redmi K80 series មានពីរម៉ូដែល គឺមានម៉ូដែលស្តង់ដារ K80 និង K80 Pro។ សម្រាប់ម៉ូដែល K80 គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល K80 Pro គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite SoC។ ស្មាតហ្វូនទាំងពីនេះ មានបំពាក់នូវអេក្រង់រាបស្មើរ OLED LTPS display មានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 2K resolution និងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-screen fingerprint scanner។

ស្មាតហ្វូន Redmi K80 បំពាក់នូវកាមេរ៉ាទំហំ 50-Megapixel ចំនូន 2 គ្រាប់ និងមានថ្មទំហំ 6,550mAh គាំទ្រនូវកម្លាំងសាក 90W wired fast charging។ ចំពោះម៉ូដែល Redmi K80 Pro គឺមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយមានកាមេរ៉ាទំហំ 50-Megapixel ចំនួន 2 គ្រាប់ និងកាមេរ៉ា 32-Megapixel ចំនួន 1 គ្រាប់។ ស្មាតហ្វូននេះមានថ្មទំហំ 6,000mAh និងកម្លាំងសាក 120W wired fast charging រួមនិងបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging។
