
ក្រុមហ៊ុន Qualcomm ត្រូវគេរំពឹងថា នឹងបង្ហាញនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 នៅក្នុងខែតុលាខាងមុខនេះ។ ដូចគ្នាទៅនឹងឆ្នាំមុននេះផងដែរ ស្មាតហ្វូន Flagship របស់ក្រុមហ៊ុនចិននេះ ត្រូវគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ថ្មីនេះ។ តាមការទម្លាយកន្លងមកបង្ហាញថា ឈីបនេះ នឹងប្រកាសចេញនៅក្នុងត្រីមាសចុងក្រោយនៅក្នុងឆ្នាំនេះ។ Xiaomi 16 Series ដែលជាស្មាតហ្វូនថ្នាក់ប្រណិត អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេ ដែលប្រើប្រាស់នូវបន្ទះឈីបនេះ។
ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Redmi របស់ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវស្មាតហ្វូន Redmi K90 series នៅចុងឆ្នាំនេះដូចគ្នា។ យោងតាមការបែកធ្លាយមួយចេញពី Digital Chat Station បានទម្លាយថា ស្មាតហ្វូន K90 នេះ នឹងមានការបំពាក់នូវបន្ទះឈីបថ្មីនេះផងដែរ។ គួរបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុននេះ ស្មាតហ្វូនត្រកូល K-series Flagships របស់ក្រុមហ៊ុន Redmi ដែលដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសចិន គឺមាន 2 ម៉ូឌែល រួមមានម៉ូដែល Standard និង Pro ហើយ ប្រើប្រាស់នូវបន្ទះឈីប Snapdragon ចុងក្រោយបំផុតដូចគ្នា។

បើមើលទៅលើស្មាតហ្វូន Redmi K70 series ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 នេះគឺមានម៉ូឌែល K70 បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2022 និងស្មាតហ្វូន K70 Pro បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 បង្ហាញខ្លួននៅក្នុងឆ្នាំ 2023 ។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន Redmi K80 និង K80 Proបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និង Snapdragon 8 Elite។

នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយទម្លាយថា ស្មាតហ្វូន Redmi K90 អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ខណៈពេលដែលស្មាតហ្វូន K90 Pro គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2 ។ អ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo ថា ស្មាតហ្វូន Redmi K90 និង 90 Pro អាចនឹងប្រើប្រាស់នូវបន្ទះឈីប SM8845 និង SM8850 chipsets របស់ក្រុមហ៊ុន Qualcomm ផងដែរ។ ស្មាតហ្វូន K90 series នេះអាចនឹងមានការកើនឡើងតម្លៃផងដែរ។ មានការរំពឹងថា ស្មាតហ្វូន Pro នេះអាចនឹងមានតម្លៃចន្លោះពី 4,000 យ៉ន់ ($550) និង 5,000 យ៉ន់ (~$685) ៕
