
ថ្មីៗនេះ ក្រុមហ៊ុន Redmi បានបង្ហោះនូវស្មាតហ្វូនពណ៌ក្រហម “Scarlet Red” របស់ Note 13 Pro 5G នៅលើបណ្តាញ X ដោយបានលប់ចោលនូវការសម្ពោធជាផ្លូវការនៅថ្ងៃទី 25 ខែមិថុនា ដោយបញ្ជាក់ថា ស្មាតហ្វូនពណ៌ថ្មីនេះ អាចរកទិញបាននៅលើវេបសាយ Amazon និង Flip Kart។ សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Redmi ក៏ទើបតែប្រកាសបង្ហាញនូវពណ៌ Olive Green ថ្មីសម្រាប់ស្មាតហ្វូន Redmi Note 13 Pro 5G ផងដែរ។
ដោយសារតែមានការពេញនិយមខ្លាំងនៅពេលនេះ ក្រុមហ៊ុននេះ ក៏បានបន្តបញ្ចេញនូវពណ៌ក្រហមសម្រាប់អតិថិជននៅក្នុងប្រទេសឥណ្ឌា។ នៅលើវេបសាយរបស់ Amazon នៅក្នុងប្រទេសឥណ្ឌានោះ គឺមានការបង្ហាញស្មាតហ្វូនថ្មីនេះ នៅថ្ងៃទី 23 ខែមិថុនាកន្លងទៅនេះនេះ។ កាលពីពេលមុននេះ ស្មាតហ្វូនពណ៌ក្រហមនេះ ក៏ធ្លាប់បានបង្ហាញខ្លួនម្តងរួចហើយនៅក្នុងទីផ្សារប្រទេសចិន ដែលក្រុមហ៊ុនបានធ្វើទៅលើស្មាតហ្វូន Redmi Note 13 Pro នៅឱកាសឆ្នាំថ្មី ដោយអោយឈ្មោះថា គឺជាស្មាតហ្វូន New Year special edition។

ស្មាតហ្វូន Redmi Note 13 Pro 5G នេះ មានអេក្រង់ទំហំ 6.67-អ៊ីង AMOLED នឹងមានការទ្រទ្រង់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ បន្ទះអេក្រង់នេះ មានការបង្ហាញចេញបានជាមួយកម្រិតភាពច្បាស់ដល់ទៅ 1.5K resolution ល្បឿន 120Hz refresh rate និងពន្លឺអេក្រង់ 1,800 nits។ ស្មាតហ្វូថ្មីនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 2 និងមានរ៉េមទំហំ 12GB ហើយនិងម៉េមូរីទំហំ 512GB។
បើមើលទៅលើផ្នែកខាងក្រោយវិញនោះ ស្មាតហ្វូននេះ មានកាមេរ៉ា 3 គ្រាប់ ដែលមានកាមេរ៉ាគោលមានទំហំ 200MP, 8MP ultra-wide-angle lens និង 2MP macro lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូន Redmi Note 13 Pro 5G នេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ HyperOS នៅលើ Android 14 ជាមួយនឹងថាមពលថ្មទំហំ 5,100mAh ដែលទ្រទ្រង់ទៅលើ 67W fast charging ផងដែរ។

ក្រុមហ៊ុន Redmi ក៏បានត្រៀមខ្លួននៅក្នុងការបង្ហាញចេញនូវស្មាតហ្វូន Redmi 13 5G នៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះផងដែរ។ ស្មាតហ្វូននេះនឹងមានបន្ទះឈី Snapdragon 4 Gen 2 processor កញ្ចក់ការពារ Corning Gorilla Glass 3 ថាមពលថ្មទំហំ 5,030mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ថែមទៀតផង៕
