ស្វែងរកពួកយើង:

Redmi Pad Pro 5G និង Redmi Pad SE 4G នឹងបង្ហាញវត្តមាននៅក្រៅប្រទេសចិន នាថ្ងៃទី 29 ខែកក្កដានេះ

ដោយ

Koun Jab Luffy

24 កក្កដា 2024 06:26 ព្រលប់

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Redmi ដែលជា Sub-brand របស់ Xiaomi ត្រៀមខ្លួនរួចរាល់ក្នុងការវាយលុកទីផ្សារ Tablet ក្នុងប្រទេសឥណ្ឌាជាមួយនឹងការត្រៀមធ្វើការប្រកាសចេញលក់ Tablet ស៊េរីថ្មីចំនួនពីរម៉ូដែល គឺ Redmi Pad Pro 5G និង Redmi Pad SE 4G នៅថ្ងៃទី 29 ចុងខែកក្តដានេះ ។ ហើយនៅថ្ងៃនេះ នៃការបង្ហាញវត្តមានរបស់ Tablet ស៊េរីថ្មីទាំងពីរនេះ ក៏មានការទម្លាយចេញនៅគុណសម្បត្តិមួយចំនួនផងដែរ។
សម្រាប់ Redmi Pad SE 4G គឺជាអ្នកស្នងដំណែងម៉ូដែល Redmi Pad Wi-Fi Only ដែលបានប្រកាសចេញកាលពីឆ្នាំមុន។ ដោយម៉ូដែលថ្មីនេះ គឺអាចដាក់ស៊ីមកាតប្រើប្រាស់បានដូចនឹងស្មាតហ្វូនដែរ គ្រាន់តែគាំទ្រប្រព័ន្ធសេវា 4G តែប៉ុណ្ណោះ។ Tablet ស៊េរីថ្មីមួយនេះ គឺបំពាក់នូវបន្ទះអេក្រង់ទំហំ 7.8-inch កម្រិតគាំទ្រ HD (1,340x800px)ជាមួយល្បឿន 90Hz Refresh rate ព្រមទាំងប្រើបន្ទះឈីប MediaTek Helio G99 និងមានថ្មទំហំ 6,650mAh ដែលគាំទ្រកំលាំងសាកភ្លើង 18W។ ជាមួយគ្នានេះ Redmi Pad SE 4G នឹងមានការបំពាក់ប្រព័ន្ធ Speaker ចំនួន 4 គ្រាប់ គាំទ្រប្រព័ន្ធសំឡេង Dolby Atmos រួមនឹងមានរន្ធដោតកាសខ្នាត 3.5mm ផងដែរ។
ក្រៅពីនេះ Redmi Pad SE 4G ក៏នឹងមានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 8MP និងកាមេរ៉ាមុខទំហំ 5MP។ Tablet មួយនេះ នឹងមានភ្ជាប់មកជាមួយម៉េមូរីផ្ទុកទិន្នន័យទំហំ 128GB ស្រាប់ និងអាចដាក់បន្ថែមជាមួយ microSD បានទំហំដល់ 2TB ថែមទៀតផង។ Pad SE 4G នឹងមានជម្រើសពណ៌បៃតង និងខៀវ។
ដោយឡែកសម្រាប់ម៉ូដែល Redmi Pad Pro 5G វិញ គឺជា Premium-Tablet ដែលគាំទ្រប្រព័ន្ធសេវា 5G។ ហើយម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅលើទីផ្សារក្នុងប្រទេសចិនរួចហើយ។ Pad Pro 5G បំពាក់នូវបន្ទះអេក្រង់ LCD Panel ទំហំ 12.1-inch គាំទ្រកម្រិតបង្ហាញ 2.5K ជាមួយល្បឿន refresh rate 120Hz និងគាំទ្រមុខងារ Dolby Vision។ Tablet នេះបំពាក់បន្ទះឈីប Qualcomm Snapdragon 7s Gen 2 SoC ភ្ជាប់ដោយរ៉េមទំហំ 8GB និងម៉េមូរីផ្ទុកទិន្នន័យទំហំ 256GB ស្រាប់ ហើយអាចបន្ថែមទំហំផ្ទុកពីក្រៅជាមួយ microSD បានផងដែរ។
Redmi Pad Pro 5G បំពាក់នូវប្រព័ន្ធ Speaker Dolby Atmos ចំនួន 4 គ្រាប់ និងមានកាមេរ៉ាមុខក្រោយទំហំ 8MP ដូចគ្នា។ សម្រាប់់ថ្មវិញ Pad Pro 5G គឺមានទំហំធំដល់ 10,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 33W Wired Fast Charging។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Redmi Pad Series ទាំងពីរម៉ូដែលនេះនៅទីផ្សារឥណ្ឌា មិនទាន់ត្រូវបានគេបញ្ជាក់ឲ្យដឹងនោះទេក្នុងពេលននេះ៕
Redmi Pad Pro 5G និង Redmi Pad SE 4G នឹងបង្ហាញវត្តមាននៅក្រៅប្រទេសចិន នាថ្ងៃទី 29 ខែកក្កដានេះ