
ស្មាតហ្វូន Redmi Turbo 3 គ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅថ្ងៃទី 10 ខែមេសានេះហើយ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលដំបូងបំផុតនៅក្នុងត្រកូលស្មាតហ្វូន Turbo series ដែលក្រុមហ៊ុនមានការផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលជា version ថ្មីនៃបន្ទះឈីបថ្នាក់ប្រណិត Snapdragon 8 Gen 3។ ក្រៅពីបន្ទះឈីបដ៏ខ្លាំងក្លានេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់នូវអេក្រង់ AMOLED ផងដែរ។
យោងតាមការបញ្ជាក់នៅក្នុងព័ត៌មានផ្លូវការ គឺបានបញ្ជាក់អេក្រង់នេះ គឺជាប្រភេទ “Xiaomi Qingshan Eye Protection” ដែលមានកម្រិតភាពច្បាស់ 1.5K resolution និងកម្រិតពន្លឺអេក្រង់ខ្ពស់ដល់ទៅ 2400 nits។ ខណៈពេលដែលពន្លឺអេក្រង់នេះ នៅមិនអាចប្រៀបធៀបជាមួយនិងស្មាតហ្វូន Realme GT Neo 6 SE ក៏ដោយ ក៏ប៉ុន្តែស្មាតហ្វូននេះ ក៏អាចប្រៀបធៀបជាមួយនឹងកម្រិតអេក្រង់ 2600nits ដែលមាននៅលើស្មាតហ្វូន 2024 flagship Galaxy S24 Ultra បានផងដែរ។

បន្ថែមពីនេះ អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Redmi Turbo 3 នេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ប្រភេទ “Vision Health Friendly++” ដែលទទួលបាននូវវិញ្ញាបនបត្រចេញពីមជ្ឈមណ្ឌលបញ្ជាក់គុណភាពរបស់ចិន (China Quality Certification Center) ផងដែរ។ ក្រុមហ៊ុន Xiaomi បាននិយាយថា អេក្រង់នេះ មានកម្រិតពណ៌ 68.7 ពាន់លានពណ៌ និងមានការគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ 2160Hz tough sampling rate ថែមទៀតផង។
ជាមួយគ្នានេះ នៅលើអេក្រង់របស់ស្មាតហ្វូន Redmi Turbo នេះ ក៏មានការឌីស្សាញជាមួយមានគែមស្តើងយ៉ាងស្រស់ស្អាតផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់រាបស្មើ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ អេក្រង់នេះ មានទំហំ 6.67 អ៊ីង។ ស្មាតហ្វូន Redmi Turbo នេះ មានថាមពលថ្មទំហំ 5000mAh និងមានទម្ងន់ 179g ហើយនិងមានកម្រាស់ 7.8mm ៕
