
ក្រុមហ៊ុន Redmi បានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Redmi Turbo 4 ដែលបំពាក់ឈីប MidiaTek Dimensity 8400 Ultra នៅក្នុងប្រទេសចិនកាលពីខែមុននេះ។ ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi មួយនេះត្រូវបានគេដឹងថា បានត្រៀមធ្វើការប្រកាសចេញម៉ូដែលបន្ថែមមួយទៀត គឺ Redmi Turbo 4 Pro ដែលប្រើបន្ទះឈីប Qualcomm Snapdragon។ ហើយនៅពេលនេះ មានការទម្លាយព័ត៌មានមួយចំនួនទាក់ទងនឹងគុណសម្បត្តិរបស់ Turbo 4 Pro តាមរយះគណនី Digital Chat Station។
តាមគណនីខាងលើនេះ បានឲ្យដឹងថា Redmi Turbo 4 Pro នឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 8s Elite ដែលមានលេខកូដ SM8735 ដែលបន្ទះឈីបនេះ ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមាននៅត្រីមាសទីពីរនៃឆ្នាំ 2025 នេះ។ បន្ថែមពីនេះ Redmi Turbo 4 Pro ក៏នឹងមានថ្មទំហំយក្សដល់ 7,410mAh ឬប្រហែល 7,500mAh ដែលជាថ្មទំហំធំបំផុតសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល mid-range របស់ Redmi។

ស្មាតហ្វូនម៉ូដែលថ្មីនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W Wired Fast Charging ផងដែរ។ បើតាមរបាយការណ៍ផ្សេងទៀតបាននិយាយថា Redmi Turbo 4 Pro នឹងមានអេក្រង់ទំហំ 6.67-inch គាំទ្រកម្រិតបង្ហាញ 1.5K រួមនឹងបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរលើអេក្រង់ short-focus optical-type fingerprint scanner។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Redmi Turbo 4 Pro នឹងដំឡើងមកជាមួយកាមេរ៉ាក្រោយពីរគ្រាប់ដែលភ្ជាប់មកជាមួយសែនស័រមេទំហំ 50MP ភ្ជាប់ដោយ OIS រួមនជាមួយកាមេរ៉ា Ultra-wide ទំហំ 8MP។ ស្មាតហ្វូម៉ូដែលថ្មីនេះ ក៏នឹងមានអាវក្រោះការពារទឹក និងធូលីដីកម្រិត IP68 រួមទាំងមានស៊ុមជុំវិញជាលោហៈដែលផ្តល់នូវភាពធន់រឹងមាំសម្រាប់ការប្រើប្រាស់ថែមទៀតផង។

ជាមួយគ្នានេះ បើតាមសេចក្តីរាយការណ៍បាននិយាយថា ក្រុមហ៊ុន Poco ដែលជាបងប្អូនស្ថិតនៅក្រោមដំបូលតែមួយជាមួយ Redmi ក៏ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មី Poco F7 ក្នុងត្រីមាសទីពីរ ឆ្នាំ 2025 សម្រាប់ទីផ្សារសកលផងដែរ។ ដោយ Poco F7 អាចជាម៉ូដែលប្តូរឈ្មោះថ្មីពី Redmi Turbo 4 Pro៕
