
realme ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី realme GT7 Pro ដែលជាម៉ូដែលម៉ូដែលប្រណិតស៊េរីថ្មីរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន ក៏ដូចជាសម្រាប់ទីផ្សារសកល។ យោងតាមការទម្លាយចេញពី Digital Chat Station នៅថ្ងៃនេះ គឺបានចែកចាយព័ត៌មានថ្មីរបស់ស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតហើយ។ ផ្អែកតាមការបង្ហោះនៅ Weibo នៅថ្ងៃនេះ មានការបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៌សម្ពោធស្មាតហ្វូនជំនាន់ថ្មី GT7 Pro នេះ ក្រុមហ៊ុន realme ក៏អាចនឹងបង្ហាញចេញនូវបច្ចេកវិទ្យាសាកល្បឿនលឿន 300W fast charging ផងដែរ។
បន្ថែមពីនេះ នៅរូបភាព screenshot របស់អ្នកពី Digital Chat Station ក៏មានការបង្ហាញពីមុខងារសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី GT7 Pro នេះផងដែរ។ អ្នកទម្លាយរូបនេះបានបន្តថា realme អាចនឹងកា្លយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេបំផុត ដែលនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 300W fast charging technology។ ប្រភពដដែលនេះ បន្តថា បើទោះបីជាស្មាតហ្វូន GT7 Pro គឺជាម៉ូដែលប្រណិតជំនាន់ចុងក្រោយរបស់ខ្លួនក៏ដោយ ក៏កំពូលស្មាតហ្វូន នេះ មិនមានការបំពាក់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 300W fast charging នោះទេ។

សូមជំរាបថា កាលពីខែមិថុណា កន្លងទៅនេះ លោក Francis Wong ដែលជាប្រធានផ្នែកទីផ្សារ Realme Global បានបញ្ចាក់ក្នុងបទសម្ភាស៌មួយថា ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើតេស្តនៅលើបច្ចេកវិទ្យាសាកកម្លាំង 300W rapid charging technology ហើយ។ ប៉ុន្តែលោកមិនទាន់មានការបញ្ជាក់ពីព័ត៌មានលំអិតនៅឡើយទេ។ មានការបញ្ជាក់ថា បច្ចេកវិទ្យាសាក 300W charging របស់ realme នេះ សាកភ្លើងពី 0% ទៅ 50% ប្រើប្រាស់ពេលតិចជាង 3 នាទី ខណៈដែលសាកពេញ 100% គឺប្រើប្រាស់ពេលតិចជាង 5 ប៉ុណ្ណោះ។
realme GT7 Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតរបស់ក្រុមហ៊ុន realme ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69 ហើយស្មាតហ្វូននេះ ក៏ជាស្មាតហ្វូនដំបូងគេ ដែលនឹងមានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ជំនាន់ថ្មី Ultrasonic in-screen fingerprint sensor ផងដែរ។ គួរបញ្ជាក់ថា កាលពីមុននេះ មានរបាយការណ៌ ថា GT 7 Pro នឹងមានអេក្រង់រាបស្មើរ ប្រភេទ OLED និងមានគែមកោងនៅជ្រុងទាំង 4។ អេក្រង់ស្មាតហ្វូននេះ នឹងមានកម្រិតបង្ហាញចេញបាន 1.5K resolution គាំទ្រដោយបច្ចេកវិទ្យា LTPO technology។

សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅលើស្មាតហ្វូននេះ គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនឹងអាចមានរ៉េមទំហំធំដល់ទៅ 24GB រួមជាមួយនិងអង្គចងចាំទំហំ 1TB ទៀតផង។ ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W charging។ និយាយពីកាមេរ៉ាវិញ នៅលើស្មាតហ្វូននេះ នឹងមានការតម្លើងមកជាមួយនូវកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរជា ultra-wide lens ខណៈដែលមួយគ្រាប់ទៀតជា Sony IMX882 Periscope Telephoto Camera គាំទ្រជាមួយនិងការហ៊្សូមបាន 3x optical zoom, 10x hybrid zoom និង 120x digital zoom។
