
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Find X9 series នៅក្នុងខែតុលាឆ្នាំ 2025 ខាងមុខនេះនេះ។ ប៉ុន្តែយោងតាមការការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះបានអោយដឹងថា ក្រុមហ៊ុននេះ បានងាកមកផ្តោតទៅលើការអភិវឌ្ឍនៅលើស្មាតហ្វូនជំនាន់ថ្មី Reno 15 series ផងដែរ ដោយស្មាតហ្វូននេះ នឹងមានវត្តមានបន្ទាប់ គឺនៅក្នុងខែវិច្ឆិកាឆ្នាំ 2025 ខាងមុខនេះដូចគ្នា។ បើការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូន Reno 15 Pro នឹងក្លាយជាស្មាតហ្វូន Reno-Series ដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានបំពាក់នូវកាមេរ៉ាគោលទំហំដល់ទៅ 200-Megapixel ។
តាមការបញ្ជាក់ចេញពីអ្នកទម្លាយរូបនេះ បានអោយដឹងបន្ថែមទៀតថា កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 Pro ថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 200-Megapixel ដែលនឹងប្រើប្រាស់នូវ Samsung HP5 Sensor។ ហើយនឹងការអមមកជាមួយនឹងកាមេរ៉ា ultra-wide lens ហើយនិងមួយគ្រាប់ទៀតទំហំ 50-Megapixel ជាប្រភេទ Periscope Telephoto lens ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Reno 15 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8-Series។

បើមើលទៅលើការឌីស្សាញរបស់ស្មាតហ្វូន Reno 15 series វិញ ត្រូវបានអ្នកទម្លាយរូបនេះ បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះនឹងប្រើប្រាស់នូវការឌីស្សាញកញ្ចក់ដែលប្រើប្រាស់នៅលើស្មាតហ្វូន Reno 14 ហើយអាចនឹងមានកាមេរ៉ា island ដូចទៅនឹងស្មាតហ្វូន Reno 14 ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក៏អាចបំពាក់នូវកញ្ចក់គុណភាពខ្ពស់ថែមទៀតផង។ ស្មាតហ្វូន Reno 15 Pro នេះ នឹងមានអេក្រង់ទំហំ 6.8-អ៊ីង OLED ខណៈពេលដែលស្មាតហ្វូន Reno 15 នឹងមានអេក្រង់ទំហំ 6.3-អ៊ីង OLED។

បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏អាចនឹងនាំយកនូវបច្ចេកវិទ្យានៃការថតរូបភាពចេញពីស្មាតហ្វូន Find X8 Series មកប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Reno 15 Series នេះផងដែរ ដែលក្នុងនោះមានដូចជាមុខងារ advanced image sensors និង Color Correction ជាដើម។ ស្មាតហ្វូន Reno 15 Series នេះ នឹងមានគែមធ្វើពីលោហធាតុ បច្ចេកវិទ្យាសាកថ្ម Wireless Charging និងដំណើរការនូវ ColorOS16 ជាមួយនឹង Android 16 ៕
