
ក្រុមហ៊ុន OPPO នឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Reno 15 និង Reno 15 Pro ដែលខ្លួនត្រៀមនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នៅថ្ងៃទី 17 ខែវិច្ឆិកានេះហើយ។ នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញនូវស្មាតហ្វូន Limited Edition នេះក្នុងភាពជាដៃគូជាមួយនឹងអ្នកចម្រៀង អ្នករាំ និងសមាជិករបស់ក្រុម K-POP ដ៏ល្បីល្បាញ (G)I-DLE នោះគឺ Song Yuqi ។ ស្មាតហ្វូន OPPO Reno 15 Song Yuqi Limited Edition ថ្មីនេះ មានលក្ខណៈពិសេសៗជាច្រើន។
ក្រុមហ៊ុន OPPO មិនត្រឹមតែបង្ហាញនូវស្មាតហ្វូន Reno 15 នេះទេ ប៉ុន្តែក្រុមហ៊ុនក៏មានការបង្ហាញនូវស្មាតហ្វូនផ្តាច់មុខ Song Yuqi limited edition ផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានឈ្មោះហៅថា Starlight Bow ហើយវាមានទំហំ 16GB+1TB។ អ្វីដែលពិសេសសម្រាប់ស្មាតហ្វូននេះ គឺមានលក់ត្រឹមតែ 23 គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារសកល។ ស្មាតហ្វូននេះ ក៏មានភ្ជាប់នូវហត្ថលេខាជារបស់ Song Yuqi ផងដែរ។

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 នេះ គឺមានគែម bezel ស្តើងត្រឹមតែ 1.15mm ហើយនិងមានកាមេរ៉ាឌីស្សាញស្រដៀងគ្នាទៅនឹងការឌីស្សាញរបស់ស្មាតហ្វូន iPhone អញ្ចឹង។ បើតាមរបាយការណ៍ខាងលើនេះ ក៏មានការទម្លាយថា ស្មាតហ្វូនថ្មីនេះមានអេក្រង់រាបស្មើរទំហំ 6.32 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2640x1216 pixels។ ទៅលើកម្លាំងម៉ាស៊ីនវិញ បានបង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប MediaTek Dimensity 8450 ជាមួយនឹងថាមពលថ្មទំហំ 6200mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 80W fast charging ទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 នេះមានកាមេរ៉ាខាងក្រោយទំហំ 200MP និង 50MP Wide និង 50MP Periscope Telephoto។ ហើយបើមើលទៅលើកាមេរ៉ាមុខនៅលើស្មាតហ្វូនថ្មីនេះ មានទំហំ 50MP។ សម្រាប់ពណ៌របស់ស្មាតហ្វូនថ្មីនេះគឺ Starlight Bow, Aurora Blue និង Canele Brown៕
