
នេះគឺជាឡានអគ្គិសនី Rolls-Royce Spectre Black Badge ដែលជាម៉ូដែលមានកម្លាំងខ្លាំងបំផុត ក្នុងត្រកូល Rolls-Royce ហើយក៏ជាសមាជិកថ្មី ក្នុងត្រកូល Black Badge របស់ក្រុមហ៊ុនផលិតឡានអង់គ្លេសមួយនេះដែរ។ ឡាន Rolls-Royce Spectre Black Badge ត្រូវបានឌីហ្សាញឡើងដើម្បីក្លាយជា ឡានដែលមាន Performance ល្អឥតខ្ជោះ ដោយបានអាប់ដេតទៅលើ ប្រព័ន្ធម៉ូទ័រចំនួន 2 របស់វា ដែលអាចផលិតកម្លាំងបានដល់ទៅ 650 សេះ និងមានកម្លាំងរមួល 1,075 NM ខ្លាំងជាងម៉ូដែល Rolls-Royce Spectre ធម្មតា ដែលមានកម្លាំងត្រឹម 577 សេះ និង កម្លាំងរមួល 900 NM ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកបរមិនអាចទទួលបានកម្លាំងសេះ និងកម្លាំងរមួលអតិបរមា ក្នុងពេលតែមួយបាននោះទេ។ Rolls-Royce បានដាក់ Drive Mode ថ្មីមួយមានឈ្មោះថា Infinity Mode ដែលអាច Unlock កម្លាំងសេះ 650 សេះទាំងអស់បាន នៅពេលចុចប៊ូតុង Infinity Mode ដំណើរ។ ដោយឡែក នៅពេលអ្នកចង់ Unlock កម្លាំងរមួល អ្នកបើកបរត្រូវប្រើ Spirited Mode វិញ ដែលវាប្រៀបបីដូចជាមុខងារ Launch Control អីចឹង ដោយត្រូវជាន់ហ្វ្រាំង និងហ្គែរឲ្យជាប់ក្នុងពេលតែមួយ រួចប្រលែងជើងទាំង 2 វិញ នៅពេលមុខងារនេះរួចរាល់ ដោយបញ្ចេញនូវកម្លាំងរមួល 1,075 NM យ៉ាងពេញលេញតែម្តង។

ជារួមមកវិញ ឡានអគ្គិសនីមួយនេះអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 4.1 វិនាទីប៉ុណ្ណោះ ពោលគឺស្ទុះលឿនជាងម៉ូដែល Spectre ធម្មតា 0.3 វិនាទី។ យ៉ាងណាមិញ Rolls-Royce មិនបានផ្តល់ព័ត៌មានលម្អិតអំពី Performance វាឡើយ ប៉ុន្តែគេសន្មត់ថា Spectre Black Badge មួយនេះ បំពាក់កញ្ចប់អាគុយទំហំ 102 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 446 KM។ ក្រៅពីការ Update ទៅលើដំណើរការរបស់វា ក្រុមវិស្វករក៏បានបន្ថែមនូវទម្ងន់នៃចង្កូត, អាប់ដេតទៅលើ Damper និងកាត់បន្ថយភាពឃ្លោង ផងដែរ។

បើនិយាយពីការឌីហ្សាញរូបរាងវិញ Rolls-Royce Spectre Black Badge មានការផ្លាស់ប្តូរតិចតួចបំផុត បើប្រៀបធៀបនឹងម៉ូដែលធម្មតា ដោយមានបំពាក់យ៉ាន់កង់ ប្រភេទ Forged អាលុយមីញ៉ូម ទំហំ 23 អ៊ីញ និង តុបតែងពណ៌ខ្មៅទៅលើផ្នែកមួយចំនួន ដូចជា រូបទេវមន្ត, ស៊ុមប៉ាណាមុខ, ស៊ុមកញ្ចក់ និងដៃទ្វារ។ វាក៏មានបំពាក់ប៉ាណាមុខ ដែលអាចបញ្ចេញភ្លើងភ្លឺ Illuminated Grille ផងដែរ។
