ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាន ឬហៅថា Folder Phone ដំបូងគេក្នុងលោកមិនមែនជារបស់ក្រុមហ៊ុន Samsung, LG, Xiaomi, Huawei, ZTE ឬក៏ Lenovo នោះទេតែវាជាផលិតដែលបានបង្កើតឡើងដោយក្នុងហ៊ុនក្មេងខ្ចីមួយដែលមិនទាន់មានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងក្នុងទីផ្សារស្មាតហ្វូនឈ្មោះថា Royole ដែលមានទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅក្នុងរដ្ឋកាលីហ្វូញ៉ាសហរដ្ឋអាមេរិក។ ហើយស្មាតហ្វូនដែលអាចបត់អេក្រង់បានដំបូងគេក្នុងលោកគឺមានឈ្មោះថា Royole FlexPai។

FlexPai គឺជាស្មាតហ្វូនដំបូងគេក្នុងលោកដែលមានអេក្រង់អាចបត់បាន ហើយក៏ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីប Snapdragon 8150 ផងដែរ។ ចំពោះអេក្រង់បត់បានរបស់ស្មាតហ្វូននេះមានទំហំ 7.8 អ៊ីងនៅពេលពន្លាអោយស្មើរគឺវាធំប៉ិនអេក្រង់របស់ថាបប្លែតមួយបាត់ទៅហើយ ប៉ុន្តែនៅពេលកាច់បត់ជាពីរវាមានទំហំ 4.0 អ៊ីង។ អេក្រង់ដែលបំពាក់នូវលើ Royole FlexPai ជាប្រភេទបន្ទះអេក្រង់បង្ហាញ AMOLED ដែលបានផលិតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្តង។ ស្មាតហ្វូនអេក្រង់បត់បានដំបូងគេនេះត្រូវបានក្រុមហ៊ុនប្រកាសចេញមកជាមួយប្រតិបត្តិការ Android 9.0 Pie តែម្តង និងស្រោបដោយផ្ទៃអ៊ីនធ័រហ្វេស Royole Water OS ដែលបង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់តែម្តង។
សា្មតហ្វូនថ្មីនេះ មិនត្រឹមតែផ្តោតសំខាន់តែទៅលើអេក្រង់ដែលអាចបត់បានប៉ុណ្ណោះទេសម្រាប់កំលាំងម៉ាស៊ីនរបស់វាក៏ខ្លាំងក្លាផងដែរ។ Royole FlexPai បង្គុំម៉ាស៊ីនឡើងមកជាមួយបន្ទះឈីប Qualcomm Snapdragon 8150 មានរ៉េមទំហំ 6GB/8GB ជាមួយទំហំផ្ទុកបីជម្រើសគឺ 128GB/256GB និង 512GB ហើយអាចអោយបន្ថែមទំហំផ្ទុកខាងក្រៅបានផងដែរបានដល់ 256GB។ ស្មាតហ្វូនអេក្រង់បត់មួយនេះមានកាមេរ៉ាពីរគ្រាប់ទំហំ 16MP+24MP ជាមួយអំពូលភ្លើងជំនួយពន្លឺមួយគ្រាប់។ សម្រាប់ថ្មវិញគឺមានទំហំ 3,800mAh ទ្រទ្រង់បច្ចេកវិទ្យាសាកបញ្ចូលថាមពលល្បឿនលឿនជាមួយឆ្នាំងសាក Ro-Charge Fast Charger ដោយប្រើខ្សែចម្លងប្រភេទ USB-C។ ក្រុមហ៊ុន Royole បានអះអាងថាវាសាកថាមពលថ្មបានលឿនដោយសាកពី 0 ទៅ 80% ប្រើពេលតែ 30 នាទីប៉ុណ្ណោះ។

ស្មាតហ្វូនអេក្រង់បត់បានដំបូងគេមួយនេះត្រូវបានក្រុមហ៊ុនបើកអោយធ្វើការកត់មុនបានហើយចាប់ពីថ្ងៃប្រកាសចេញនេះទៅក្នុងទីផ្សារប្រទេសចិនដោយមានតម្លៃចាប់ពី $1,290, $1,435 និង $1,865 ទៅតាមទំហំរ៉េម និងទំហំម៉េមូរីផ្ទុករបស់វា។ គេមិនទាន់ច្បាស់ទេនៅឡើងទេថាតើក្រុមហ៊ុន Royole នឹងនាំយកស្មាតហ្វូនមួយនេះទៅប្រកាសលក់ក្នុងទីផ្សារសហរដ្ឋអាមេរិក ឬអត់ ប៉ុន្តែសម្រាប់ការដឹកជញ្ចូនចេញនឹងត្រូវធ្វើឡើងនៅដើមខែធ្នូនាចុងឆ្នាំនេះតែម្តង៕
