
នៅក្នុងឱកាសគំរប់ខួ 28 ឆ្នាំរបស់ខ្លួនថ្មីៗនេះ ក្រុមហ៊ុន SAIC និង GM បានសម្រេចបញ្ចេញនូវគំរូឡានថ្មី GEN-Z Explorer ដែលជាម៉ូដែលមានទ្វាបីប្រភេទអគ្គិសនីសុទ្ធ ដើម្បីបំពេញតម្រូវការអតិថិជនបែបយុវវ័យសម័យថ្មីនៅប្រទេសចិន។ តាមរបាយការណ៌ខាងលើនេះបាននិយាយថា គំរូឡានថ្មី GEN-Z Explorer ថ្មីនេះ មានការអភិវឌ្ឍឡើងដោយក្រុមហ៊ុន PATAC Design ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ សូមជំរាបថា PATAC គឺជាផ្នែកមួយនៃ Pan Asia Technical Automotive Centre និងមានការចាប់ដៃគ្នាជាមួយនិង GM និង SAIC ដែលទទួលខុសត្រូវទៅលើការឌីស្សាញរូបរាង និងផ្នែកវិស្វករសម្រាប់ឡានអគ្គិសនី GM នៅក្នុងប្រទេសចិន។
សម្រាប់គំរូឡានថ្មី GEN-Z Explorer ថ្មីនេះ គឺមានការឌីស្សាញរូបរាងប្រហែលគ្នាជាមួយឡានអគ្គិសនី Nio Firefly EV ដែលកំពុងតែមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដោយមានការប្រើប្រាស់នូវកង់ ដែលមានទំហំធំដល់ទៅ 22 អ៊ីង។ ហើយតាមរយៈគំរូឡានថ្មី GEN-Z Explorer នេះ គឺសន្និដ្ឋានថា ក្រុមហ៊ុននេះ នឹងមានការផលិតទៅលើម៉ូដែលស្តង់ដារនោះទេ។ ក្រឡេកមើលផ្នែកខាងមុខនៃឡានថ្មីនេះ គឺមានការឌីស្សាញផ្នែខាងមុខជាមួយនិងអំពូល Micro LEDs ចំនួនដល់ទៅ 2,000 គ្រាប់ ដែលផ្តល់អោយអ្នកប្រើប្រាស់ធ្វើការប្តូរពណ៌ និងអាចបង្ហាញនូវសារទៅកាន់អ្នកបើកបខាងមុខបានឃើញទៀតផង នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន GM។

យោងតាមការបញ្ជាក់ពី SAIC-GM បាននិយាយថា គំរូឡានថ្មី GEN-Z Explorer នេះ គឺមានការបំពាក់នូវប្រព័ន្ធបើកបរថ្មី ដែលមានម៉ូទ័រ 4 គ្រាប់ ដំណើរការនៅលើកង់ទាំង 4 តែម្តង។ សម្រាប់កម្លាំងវិញ គឺមានរហូតដល់ទៅ 480kW អាចបង្កើតល្បឿនពី 0-100km/h ត្រឹមពេលតែ 3.8 វិនាទីប៉ុណ្ណោះ។ ឡាននេះប្រើប្រាស់អាគុយ CTC (cell-to-chassis) និងមានកម្លាំង 350 Wh/kg អាចរត់បានចម្ងាយ 1,200km តាមស្តង់ដារ CLTC នេះបើតាមការបញ្ជាក់ពី SAIC-GM ហើយអ្វីដែលពិសេសនោះ គឺគំរូឡាន GEN-Z Explorer ថ្មីនេះ ក៏មានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាកភ្លើង 800V charging ទៀតផង។

គំរូឡានថ្មី GEN-Z Explorer ថ្មីនេះ គឺមានដៃទ្វាលាក់ជិន និងមានកញ្ចក់មើលក្រោយបែបឌីជីថល ហើយនឹងមានឡូហ្កូ PATAC Design នៅខាងមុខ ប៉ុន្តែមិនច្បាស់ថា ម៉ាកយីហោក្រុមហ៊ុនមួយណាទេ ដែលនឹងក្លាយជាម្ចាស់រថយន្តអគ្គិសនីនេះ។
