
ឆ្នាំនេះក្រុមហ៊ុន Samsung បានធ្វើឲ្យកក្រើកខ្លាំងក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូន ក្រោយពីបានធ្វើការបង្ហាញវត្តមានបច្ចេកវិទ្យាឆ្លាតវៃ Galaxy AI ដែលបានញាត់បញ្ចូលនៅក្នុងកំពូលស្មាតហ្វូន Galaxy S24 Series ដែលចេញកាលពីដើមឆ្នាំនេះ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំពាក់នូវប្រព័ន្ធ AI ក្នុងស្មាតហ្វូន ស្រាប់តែនៅពេលនេះមានលេចលឺដំណឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រៀមនាំយកប្រព័ន្ធបច្ចេកវិទ្យា AI ញាត់បញ្ចូលនៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ (Smart Home Appliance Products)។
បើតាមការចេញផ្សាយពីបណ្តាញសារព័ត៌មាន Businesskorea របស់កូរ៉េខាងត្បូងបានឲ្យដឹងថា Samsung នឹងធ្វើការប្រកាសចេញផលិតផលប្រើប្រាស់ក្នុងផ្ទះបាយឆ្លាតវៃដែលគាំទ្របច្ចេកវិទ្យា AI នៅឆ្នាំ2025។ Samsung ត្រូវបានគេរាយការណ៍ថា បានបង្កើតនៅប្រព័ន្ធកម្រិតខ្ពស់ ឬ Super-connected ecosystem តាមរយះការដាក់បញ្ចូលនៅបច្ចេកវិទ្យា AI ទៅក្នុងផលិតផល Smart Home Appliance Products។ ហើយតាមរយះការធ្វើដូចនេះ គឺជួយឲ្យ Samsung អាចប្រជែងយកដំណែកនាំមុខដៃគូប្រគូតរបស់ខ្លួនដូចជា Apple និង Google ជាដើម។
ចំពោះឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ Samsung ដែលនឹងមកដល់នៅឆ្នាំ 2025 ត្រូវបានគេរាយការណ៍ថានឹងដំណើរការនូវគំរូភាសាធំៗ ឬ Large Languages Models មួយចំនួន នៅលើឧបករណ៍ ដែលល្អសម្រាប់ភាពឯកជនរបស់អ្នកប្រើប្រាស់។Samsung មានគម្រោងណែនាំឧបករណ៍បញ្ជាសំឡេងដោយគាំទ្រជំនួយការសំឡេង Bixby voice assistant សម្រាប់ផលិតផលប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃរបស់ខ្លួននៅក្នុងខែកក្កដាឆ្នាំនេះ។ ទោះបីជាដំបូង Samsung នឹងត្រូវពឹងផ្អែកលើប្រព័ន្ធ Cloud សម្រាប់ដំណើរការ ភាសា LLMs ក៏ដោយ។ ផលិតផលប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃមួយចំនួនពីក្រុមហ៊ុន Samsung ដែលនឹងរួមបញ្ចូលនូវបច្ចេកវិទ្យា AI ដំបូងនឹងមានដូចជា ទូទឹកកក Family Hub, ម៉ាស៊ីនបោកគក់ និងចង្ក្រានអគ្គីសនីក្នុងស្រឡាយ Bespoke AI របស់ក្រុមហ៊ុន Samsung ដែលមានបច្ចេកវិទ្យាអេក្រង់ LCD ជាដើម។
ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃជំនាន់ថ្មីរបស់ Samsung ត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពដំណើរការបច្ចេកវិទ្យា AI ជាច្រើន រួមទាំងសមត្ថភាពបកប្រែភាសា ដែលភាគច្រើនត្រូវបានកំណត់ប្រើចំពោះស្មាតហ្វូននាពេលបច្ចុប្បន្ន។ តាមរយៈជំនួយការសំឡេង Bixby របស់ Samsung ដែលត្រូវបានកែលម្អដោយប្រើនូវ Large Language Models ថ្មីចុងក្រោយបំផុត នឹងជួយឲ្យផលិតផលផ្ទះឆ្លាតវៃមានសមត្ថភាពយល់អំពីពាក្យបញ្ជាដ៏ស្មុគស្មាញ និងផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ ផលិតផលប្រើក្នុងផ្ទះឆ្លាតវៃជំនាន់ថ្មី ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពចងចាំការសន្ទនាពីមុនដែលអាចផ្តល់អត្ថប្រយោជន៍បន្ថែមផងដែរ។
យោងតាមរបាយការណ៍បានបង្ហាញថា ក្នុងពេលបច្ចុប្បន្ននេះចំនួននៃការប្រើប្រាស់ផលិតផលក្នុងផ្ទះឆ្លាតវៃដែលភ្ជាប់ដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យា Samsung SmartThings គឺបានកើនលើសចំនួន 20 លានគ្រឿង ដែលជាចំនួនកើនលើសពីប្រហែល 10 លានគ្រឿង ដែល Samsung បានធ្វើការព្យាករណ៍នៅក្នុងឆ្នាំ 2022 ។ ហើយនៅឆ្នាំក្រោយ (2025) Samsung រំពឹងថា ចំនួននឹងកើនឡើងដល់ 30 គ្រឿង៕
