
យោងទៅលើទិន្នន័យស្រាវជ្រាវទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Counterpoint Research បានបង្ហាញថា Samsung បានកាន់កាប់ចំនែកទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាសរុបប្រមាណ 25% សម្រាប់ត្រីមាសទីពីរនៃឆ្នាំ 2024 នេះ។ ហើយក៏ជាត្រីមាសទីពីរដែលក្រុមហ៊ុនផលិតស្មាតហ្វូនកូរ៉េខាងត្បូងមួយនេះបានគ្រងដំណែងជាអ្នកឈានមុខគេក្នុងទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌា។
របាយការណ៍ Counterpoint Research បានគួសសំគាល់ថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី គឺ Galaxy Z Fold 6 និង Z Flip 6 ជាអ្នកជម្រុញឲ្យ Samsung ក្តោបបានឪកាសជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារប្រទេសតំបន់អាស៊ីមួយនេះ។ ហើយការផ្តោតសំខាន់ទៅលើទីផ្សារលក់ស្មាតហ្វូនកម្រិតថវិកាដែលមានតម្លៃខ្ទង់ជាង 45,000 រ៉ូពី គឺជាផ្នែកសំខាន់មួយដែលធ្វើឲ្យការលក់របស់ Samsung កើនឡើងដល់ 99% ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ត្រីមាសទីពីរឆ្នាំនេះ។
លោក Shubham Singh ស្រាវជ្រាវ Research Analyst របស់ Counterpoint Research បានបង្ហញថា ស្មាតហ្វូនដែលមានតម្លៃចាប់ពីខ្ទង់ 20,000 ទៅ 30,000 រ៉ូពីមានការកើនឡើយយ៉ាងឆាប់រហ័សប្រមាណ 25% និងជាង 45,000 រ៉ូពីមានការកើនឡើងប្រមាណ 24% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។
ចំនុចពិសេសដ៏ខ្លឹមក្នុងការជម្រុញទីផ្សារស្មាតហ្វូនរបស់ Samsung ឲ្យឈរនេះលំដាប់កំពូលតារាងនៅទីផ្សារប្រទេសឥណ្ឌា គឺការបង្ហាញវត្តមានបច្ចេកវិទ្យា Galaxy AI ដែលបានញាត់បញ្ចូលនៅក្នុងកំពូលស្មាតហ្វូន Galaxy S24 Series ដែលបង្ហាញវត្តមានកាលពីដើមឆ្នាំ។ ហើយបច្ចេកវិទ្យាឆ្លាតវៃមួយនេះក៏ត្រូវបាន Samsung ធ្វើការញាត់បញ្ចូលក្នុងស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Flip 6 ផងដែរ។
បន្ថែមពីនេះ Samsung ក៏បានប្រកាសដាក់ឲ្យស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីចុងក្រោយរបស់ខ្លួនទាំងពីរម៉ូដែលទទួលបានការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ និងប្រព័ន្ធសុវត្ថិភាពរហូតដល់ទៅ 7 ឆ្នាំ ឯណោះ ដែលជាកត្តាទាក់ទាញចិត្តអ្នកប្រើប្រាស់បានកាន់តែខ្លាំងមកលើម៉ាកយីហោស្មាតហ្វូនរបស់កូរ៉េខាងត្បូងមួយនេះ។

ទន្ទឹងនេះ Samsung ត្រូវបានគេរាយការណ៍ថា បានត្រៀមធ្វើការប្រកាសចេញឧបករណ៍ថ្មីមួយចំនួនទៀតដូចជា Galaxy Tab S10 Series និងស្មាតហ្វូនកម្រិតថវិកា Galaxy A16 ក្នុងពេលឆាប់ៗនេះ។ ចំនែកកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នៅដើមឆ្នាំ 2025។ សូមបញ្ជាក់ថា Samsung ក៏ជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារស្មាតហ្វូនពិភពលោកផងដែរសម្រាប់ត្រីមាសទីពីរនៃឆ្នាំ 2024 នេះ ដោយបានកាន់កាប់ចំណែកទីផ្សារស្មាតហ្វូនសរុបប្រមាណ 18% គិតជាចំនួនស្មាតហ្វូនដែលបានលក់ចេញ គឺ 53.5 លានគ្រឿង៕
