
Samsung SDI ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងជាក្រុមហ៊ុនរ៉ាប់រងក្នុងការផលិតថាមពលអាគុយអគ្គិសនីសម្រាប់វិស័យយានយន្តរបស់ Samsung Electronics គ្រោងនឹងសាងសងរោងចក្រថ្មីនៅក្នុងទីក្រុង Göd ប្រទេសហុងគ្រី នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន The Elec របស់កូរ៉េខាងត្បូង។ យោងតាមការចុះផ្សាយរបស់ The Elec បានឲ្យដឹងថា Samsung នឹងក្លាយជាក្រុមហ៊ុនផលិតអាគុយអគ្គិសនីដ៏សំខាន់បំផុតសម្រាប់រថយន្តអគ្គិសនីរបស់ BMW នៅរោងចក្រថ្មីនេះ។ តាមសេចក្តីរាយការណ៍ អាគុយអគ្គិសនី (Battery EV) ទាំងនេះនឹងត្រូវបានផលិតឡើងតាមលក្ខណៈស្តង់ដារបច្ចេកទេសដែលបានផ្តល់ដោយក្រុមហ៊ុនផលិតរថយន្តទំនើបរបស់ប្រទេសអាល្លឺម៉ង់នេះផ្ទាល់តែម្តង។
រោងចក្រថ្មីដែលគ្រោងសាងសងឆាប់ៗនេះនឹងត្រូវបានគេហៅថា “Plant 3” ដែលនឹងត្រូវបានសាងសង់នៅជិតរោងចក្រផលិតអាគុយអគ្គិសនីដែលមានស្រាប់របស់ Samsung ពោល គឺរោងចក្រ Plant 1 និង Plant 2 ដែលស្ថិតនៅក្នុងតំបន់នោះផ្ទាល់តែម្តង។ រោងចក្រដែលមានស្រាប់ត្រូវបានបំប្លែងពីរោងចក្រផលិតឧបករណ៍ CRT និង PDP ទៅជារោងចក្រផលិតអាគុយអគ្គិសនីក្នុងឆ្នាំ 2016។ យោងតាម The Elec Samsung នឹងវិនិយោគទឹកប្រាក់ចំនួន 1 ពាន់ពាន់លានកូរ៉េវ៉ុន ឬប្រហែល 807 លានដុល្លារអាមេរិកសម្រាប់សង្វាក់រោងចក្រថ្មីនេះ។ ហើយរោងចក្រថ្មីដែលលេចរូបរាងឡើងនាពេលខាងមុខត្រូវបានគេនិយាយថា នឹងអាចផលិតកោសិកា Battery បានចំនួន 12 លានក្នុងមួយខែតាមរយះការឆ្លងកាត់ខ្សែសង្វាក់ផលិតកម្មពី 15 ទៅ 20។
គួររំលឹងដែរថា Samsung SDI បានចាប់ដៃគូសហការជាមួយ BMW ដែលជាក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អាល្លឺម៉ង់ក្នុងឆ្នាំ 2009 ដើម្បីផ្គត់ផ្គង់ថ្មប្រភេទ lithium-ion សម្រាប់រថយន្តអគ្គិសនីម៉ូដែល BMW i-series។ ដោយកាលពីពេលថ្មីៗនេះ ប្រធានប្រតិបត្តិ Samsung Electronics លោក Lee Jae-Yong មានជំនូបជាមួយនាយកប្រតិបត្តិ BMW លោក Oliver Zipse ដើម្បីពិភាក្សាអំពីភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ។ ហើយការសម្រេចចិត្តរបស់ Samsung SDI ក្នុងការសាងសង់រោងចក្រផលិត Battery ថ្មីសម្រាប់ BMW ក្នុងប្រទេសហុងគ្រី គឺជាលទ្ធផលផ្ទាល់នៃកិច្ចប្រជុំនោះតែម្តង។
ថ្មីៗនេះ Samsung SDI ត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មផលិត Battery សម្រាប់រថយន្តអគ្គិសនី (EVs)។ ដោយកាលពីឆ្នាំទៅ ក្រុមហ៊ុនបានបង្ហាញពីបច្ចេកវិទ្យាថ្មចុងក្រោយបំផុតសម្រាប់រថយន្ត Commercial Vehicles នៅឯពិព័រណ៍ IAA Transportation exhibition ដែលរួមបញ្ចូលទាំងទិសដៅនៃផែនការរបស់ក្រុមហ៊ុនសម្រាប់ការផលិតថ្មប្រភេទ solid-state batteries ថែមទៀតផង។ ចាប់តាំងពីទីផ្សាររថយន្តដើរដោយថាមពលអគ្គិសនី (EVs) មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ Samsung SDI បានលក់ Battery’s EVs បានចំនួនកាន់តែច្រើនឡើងនាពេលថ្មីៗនេះ។ ជាលទ្ធផល Samsung SDI បានប្រកាសប្រាក់ចំណេញខ្ពស់ក្នុងត្រីមាសទី 3 ឆ្នាំ 2022 ក្រុមហ៊ុនទទួលបានប្រាក់ចំណូលរហូតដល់ទៅ 3.79 ពាន់លានដុល្លារអាមេរិកកើនឡើងប្រមាណ 56.1% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ 2021៕
