
ក្រុមហ៊ុន Samsung ប្រកាសថា ខ្លួននឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ IFA 2025 ហើយខ្លួនអាចនឹងមានបង្ហាញនូវផលិតផលប្រើប្រាស់នៅក្នុងគេហដ្ឋានជាច្រើន ដែលមានការបំពាក់បច្ចេកវិទ្យា AI រួមជាមួយនិងសេវាកម្មដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍នេះ។អស់រយៈពេលជាច្រើនឆ្នាំនេះ ក្រុមហ៊ុន Samsung បានចូលរួមក្នុងព្រឹត្តិការណ៍ e Innovation For All (IFA) ហើយនៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗផងដែរ។
តាមរបាយការណ៌ខាងលើនេះអោយដឹងថា ក្រុមហ៊ុន Samsung នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2025 នេះ នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន Samsung ក៏នឹងរៀបចំនូវសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2025 នេះ នៅវេលាម៉ោង 11:00 AM CEST នៅក្នុង CityCube នៃទីក្រុងប៊ែកឡាំង ដែលក្រុមហ៊ុននេះ នឹងអញ្ជើញអ្នកសារព័ត៌មាន រួមជាមួយនឹងការបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនដែលអាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ IFA 2025 ផងដែរ។

នៅក្នុងសន្និសីទ Samsung IFA 2025 នេះ ក្រុមហ៊ុននេះ នឹងបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីៗ និងសេវាកម្មឆ្លាតវៃជាច្រើន។ ក្រុមហ៊ុន Samsung បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុននាំមុខគេទៅលើបច្ចេកវិទ្យា AI សម្រាប់គេហដ្ឋានឆ្លាតវៃនោះ សន្និសីទនេះ នឹងមានការបង្ហាញនូវការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងផ្ទះ រួមជាមួយនឹងផលិតផល Samsung AI ជាច្រើន និងប្រព័ន្ធ SmartThings ecosystem ដែលដំណើរការជាមួយគ្នាធ្វើអោយជីវិតរស់នៅកាន់តែប្រសើរ!

រហូតមកទល់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់ថាតើ ខ្លួននឹងប្រកាសចេញនូវផលិតផលអ្វីនៅឡើយទេក្នុងព្រឹត្តិការណ៍ IFA 2025 នេះ។ យ៉ាងណាមិញ គេដឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវផលិតផលឆ្លាតវៃបំពាក់នូវ AI និងសេវាកម្មជាច្រើនទៀតដែលនឹងប្រើប្រាស់ក្នុងគេហដ្ឋាន៕
