
ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លើឧបករណ៍ XR Glasses ចំនួនពីរ ហើយនៅក្នុងថ្ងៃនេះ បើតាមប្រភពចេញពីប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតរបស់ Samsung ផ្ទាល់បាននិយាយថា ក្រុមហ៊ុននឹងមានការដាក់បង្ហាញចេញនូវគំរូឧបករណ៍ XR Glasses ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន Galaxy S25 Series ឬ Galaxy Unpacked 2025 នៅក្នុងខែមករាខាងមុខនេះ។
ប្រភពបានបញ្ជាក់ថាវ៉ែនតាឆ្លាតវៃ ឬ Smart XR Glasses ជំនាន់ថ្មីរបស់ Samsung នឹងមិនមានចេញលក់សម្រាប់អ្នកប្រើប្រាស់ក្នុងពេលឆាប់ៗនោះទេ ដោយសារតែការបង្ហាញនៅក្នុងព្រឹត្តិការណ៍ខែក្រោយនេះ វាគឺគ្រាន់តែជាគំរូផលិតផលដែលក្រុមហ៊ុនត្រូវបង្ហាញតែប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការបង្ហាញគំរូ XR Glasses ជំនាន់ថ្មីថ្ងៃនោះអាចនឹងត្រូវបានធ្វើឡើងតាមរយះការបង្ហាញក្នុងវីដេអូ ឬរូបភាពតែប៉ុណ្ណោះ។ សម្រាប់ការបង្ហាញគំរូរបស់វ៉ែនតាឆ្លាតវៃ XR Glasses ជំនាន់ថ្មី គឺដូចគ្នាទៅនឹងការបង្ហាញវត្តមានរបស់ចិញ្ចៀនឆ្លាតវៃ Galaxy Ring ដែលត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ Galaxy Unpacked កាលពីខែមករាដើមឆ្នាំនេះដូច្នេះដែរ ហើយការប្រកាសចេញផ្លូវការណ៍ គឺត្រូវបានធ្វើឡើងនៅក្នុងខែកក្តដា ឆ្នាំ 2024។
បើតាមប្រភពចេញពីឧស្សាហកម្មផលិត បានបង្ហើបថា Samsung Galaxy XR Glasses ជំនាន់ថ្មីនឹងបង្ហាញខ្លួនលើទីផ្សារផ្លូវការណ៍ក្នុងត្រីមាសទីបីនៃឆ្នាំ 2025 ដែលអាចក្នុងខែកក្តដា ឬខែកញ្ញា។ Galaxy XR Glasses នឹងមានទំងន់ស្រាលត្រឹម 50 ក្រាមប៉ុណ្ណោះ ហើយវ៉ែនតាឆ្លាតវៃនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រមុខងារទូទាត់ប្រាក់ (Payment), គាំទ្រដំណើរដោយមុខងារ AI, មុខងារ Facial recognition និង gesture recognition ជាដើម។ ការអភិវឌ្ឍន៍វ៉ែនតាឆ្លាតវៃជំនាន់ថ្មី XR Glasses នេះត្រូវបានគេដឹងថា Samsung បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Google និង Qualcomm តាំងពីខែកុម្ភៈ ឆ្នាំ 2023 មកម្ល៉េះ។
ទន្ទឹងនេះ នៅមុនការបង្ហាញវត្តមាន Galaxy XR Glasses ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញប្រតិបត្តិការសម្រាប់វ៉ែនតាឆ្លាតវៃ (XR Software Platform) នៅចុងខែធ្នូនេះ៕
