ស្វែងរកពួកយើង:

Samsung នឹងផ្តល់ជូន Galaxy Z Flip 6 Olympic Edition ជូនដល់អត្តពលិក Olympic & Paralympic Paris 2024

ដោយ

Koun Jab Luffy

12 កក្កដា 2024 04:26 ល្ងាច

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី 10 ខែកក្តដា ថ្មីៗនេះ Samsung មិនត្រឹមតែបង្ហាញចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 6 ម៉ូដែលស្តង់ដារនោះទេ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើការប្រកាសម៉ូដែលពិសេសផងដែរ ដោយមានឈ្មោះថា Galaxy Z Flip 6 Olympic Edition។ ស្មាតហ្វូនម៉ូដែលពិសេសមានការរចនាឡើងយ៉ាងពិសេស និងមានរួមបញ្ចូលនូវសេវាកម្មពិសេសផ្ទាច់មុខនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ចាប់ផ្តើមឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង (Olympic and Paralympic Paris 2024)។
លក្ខណៈពិសេសផ្តាច់មុខសម្រាប់ Samsung Galaxy Z Flip 6 Olympic Edition គឺការឌីស្សាញជាមួយរូបរាងស្រោបឡើងដោយទឹកមាស ដែលមានរំលេចដោយនិមិត្តសញ្ញាកងរង្វង់ 5 នៃកីឡាអូឡាំពិក និងនិមិត្តសញ្ញាប៉ារ៉ាឡាំពិកនៅផ្ទៃខាងក្រោយស្ថិតនៅសងខាងស្លាកយីហោរបស់ Samsung។
ក្រៅតែមានការរចនាឡើងស្រោយតួរដោយទឹកមាស និងនិមិត្តសញ្ញាព្រឹត្តិការណ៍ Olympic & Paralympic សម្រាប់ការឌីស្សាញ និងគុណសម្បត្តិផ្នែករឹង គឺរក្សាដូចគ្នានឹងម៉ូដែលធម្មតាដដែល។ សម្រាប់ Galaxy Z Flip 6 Olympic Edition នេះត្រូវបានគេដឹងថាផលិតឡើងយ៉ាងពិសេសសម្រាប់ការផ្តល់ជូនអត្តពលិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Olympic and Paralympic Paris 2024 តែប៉ុណ្ណោះ គឺមិនមានដាក់លក់ជាសាធារណៈនៅលើទីផ្សារនោះទេ។ ដូចនេះទោះមានលុយក៏មិនអាចជាវម៉ូដែលពិសេសនេះបាននោះដែរ។
បន្ថែមពីការឌីស្សាញបែបប្រណិតភាពនេះ Samsung ក៏បានដាក់បញ្ចូលនូវកម្មវិធី និងសេវាកម្មពិសេសផ្តាច់មុខជាច្រើនសម្រាប់ Galaxy Z Flip 6 Olympic Edition ផងដែរ។ សម្រាប់អត្តពលិកដែលចូលរួមទាំងអស់អាចចូលទៅកាន់កម្មធិធី Athlete 365, 6 Olympic Shop, Paris 2024, Transport Accred App និង IOC hotline។
Article image
ហើយល់ Galaxy Z Flip 6 Olympic Edition គឺទទួលបាន eSIM ដែលមានទិន្នន័យសេវា 5G ទំហំ 100GB ពីក្រុមហ៊ុនដៃគូ Orange និងការធានាកម្រិតស្តង់ដារអន្តរជាតិរយៈពេលពីរឆ្នាំ។ ហើយអត្តពលិកអាចប្រើ Galaxy Z Flip 6 Olympic Edition សម្រាប់ការបង់ប្រាក់តាមរយៈកម្មវិធី Samsung Wallet  និងមានសូម្បីតែកម្មវិធីដែលបានផ្ទុកជាមុនសម្រាប់ភេសជ្ជៈដោយឥតគិតថ្លៃនៅក្នុងម៉ាស៊ីនលក់ដែលមានទីតាំងនៅទូទាំង lympic and Paralympic Village ដែលភាពជាដៃគូជាមួយ Worldwide Partner។
សម្រាប់ស្មាតហ្វូនម៉ូដែលពិសេសរបស់ Galaxy Z Flip 6 ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅ Olympic rendezvous ក្នុងស្តង់ពិព័រណ៍របស់ Samsung ផងដែរ។ គណៈកម្មការ IOC និង IPC ក៏បានសហការជាមួយ Samsung ដើម្បីផ្តល់ជូន Galaxy Z Flip 6 Olympic Edition ដល់អត្តពលិកថែមទៀតផង។ Samsung នឹងបញ្ជូន Galaxy Z Flip 6 Olympic Edition ដល់អត្តពលិកនៅថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2024 ខណៈការចេញលក់ជាផ្លូវការសម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺនឹងធ្វើឡើងនៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2024៕
Samsung នឹងផ្តល់ជូន Galaxy Z Flip 6 Olympic Edition ជូនដល់អត្តពលិក Olympic & Paralympic Paris 2024