ស្វែងរកពួកយើង:

Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានតម្លៃធូថ្លៃនៅឆ្នាំក្រោយ

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2024 09:42 ព្រឹក

អាន 2 នាទី

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលពិសេស Galaxy Z Fold Special Edition ជាមួយនិងការឌីស្សាញរូបរាងស្តើងជាងមុន និងមានតម្លៃខ្ពស់ជាងស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Z Fold 6 ថែមទៀតផង។
Article image
នៅថ្ងៃនេះ មានដំណឹងថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានថ្មីមួយទៀត ដែលមានគន្លឺះបត់មួយ នឹងមានតម្លៃធូថ្លៃជាងម៉ូដែលលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ បើតាមការបញ្ជាក់ពីលោក Ross Young បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip FE នឹងក្លាយជាម៉ូដែលមានតម្លៃធូថ្លៃ ហើយអាចនឹងមានការប្រកាសចេញនៅដើមឆ្នាំ 2025 ខាងមុខ។
គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានដែលនិយាយថា ក្រុមហ៊ុន Samsung នឹងស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃធូថ្លៃនេះ គឺមានរយៈពេលជាង 1 ឆ្នាំមកហើយ។ ដូច្នេះជាមួយនិងការលេចចេញនូវព័ត៌មានថ្មីថ្ងៃនេះ អាចនិយាយបានថា គឺមានភាគរយច្រើនដែលក្រុមហ៊ុននេះ អាចនឹងប្រកាសចេញ។
Article image
ស្មាតហ្វូនថ្មីនេះ ត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានការបំពាក់នូវអេក្រង់ទំហំដូចគ្នាជាមួយនិង Galaxy Z Flip 7 ប៉ុន្តែអាចនឹងមានកាមេរ៉ាមិនសូវខ្លាំងនោះទេ។ មិនដូចគ្នាជាមួយនិង Galaxy Z Flip FE ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមិនមានការអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បានតម្លៃធូថ្លៃ ដែលមានទម្រង់ដូច Galaxy Z Fold series នោះទេ។
ទាក់ទងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បើតាមរបាយការណ៌របស់ Sammobile បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 ឬ Exynos 2400e ដូចគ្នាជាមួយនិង Galaxy S24 FE អញ្ចឹង។ ប៉ុន្តែមានរបាយការណ៌ផ្សេងទៀតបាននិយាយថា ស្មាតហ្វូននេះ ក៏នឹងអាចប្រើប្រាស់នៅលើបន្ទះឈីបជំនាន់ថ្មី Exynos 2500 ដែលកំពុងតែអភិវឌ្ឍដោយក្រុមហ៊ុន Samsung ជាមួយនិងដំណើរការនៅលើ 3nm ផងដែរ។
Article image
សូមជំរាបថា បន្ទះឈីប Exynos 2500 ធ្លាប់ត្រូវបានគេទម្លាយថា នឹងមានការប្រើប្រាស់នៅលើ Galaxy S25 series ផងដែរ ប៉ុន្តែដោយសារតែបញ្ហាសង្វាក់ផលិតកម្មបានធ្វើអោយក្រុមហ៊ុនសម្រេចផ្អាកទៅវិញ។