
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite តែមួយប៉ុណ្ណោះសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។ ការសម្រេចចិត្តបែបនេះ ត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបន្តធ្វើទៅលើស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនដែលនឹងមានវត្តមាននៅឆ្នាំក្រោយៗទៀតផងដែរ។ ថ្មីៗនេះមានរបាយការណ៌មួយបាននិយាយថា Galaxy S26 series ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon របស់ក្រុមហ៊ុន Qualcomm ដូចគ្នា។
បើតាមការចែកចាយរបស់ Ice Universe នៅលើបណ្តាញ Weibo បានអោយដឹងថា ពេលនេះ ក្រុមហ៊ុន Samsung បាននឹងកំពុងតែពិចារណាទៅលើការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon តែមួយប៉ុណ្ណោះសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 Series។ ព័ត៌មានថ្មីនេះ ត្រូវបានគេនិយាយថា គឺជាដំណឹងល្អ សម្រាប់ហ្វេនៗដែលចូលចិត្តបន្ទះឈីប Snapdragon ពីព្រោះថា ពួកគេតែងតែគតិតថា បន្ទះឈីបនេះ គឺមានសមត្ថភាពខ្ពស់ និងមានការសន្សំសំចៃងថាមពលបានល្អជាងបន្ទះឈីបដៃគូ។

បើទោះបីជាមិនមានការប្រើប្រាស់ពេលនេះក៏ដោយ ក្រុមហ៊ុន Samsung គឺមិនបានបោះបង់ចោលនូវគម្រោងការនៃការអភិវឌ្ឍទៅលើបន្ទះឈីប Exynos របស់ខ្លួននោះទេ។ អ្នកទម្លាយ Ice Universe ក៏បានបញ្ជាក់ដូចគ្នាដែរថា ក្រុមហ៊ុន Samsung គឺកំពុងតែធ្វើការនៅលើបន្ទះឈីបថ្មី Exynos ដដែល ហើយបន្ទះឈីបនេះ គឺមានលេខកូដ ‘Ulysses.’។ បន្ទះឈីបនេះត្រូវបានគេដឹងថា ក្រុមហ៊ុនគ្រោងនឹហដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S27 ដែលមានវត្តមាននៅឆ្នាំ 2027 ផងដែរ។ បន្ទះឈីបនេះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 2nm technology (SF2P) ជំនាន់ទី 2 របស់ Samsung ដែលគេដឹងថា នឹងរួចរាល់នៅត្រឹមចុងឆ្នាំ 2026។

សូមជំរាបថា កន្លងមក Galaxy S25 និង Galaxy S25+ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2500 បច្ចេកវិទ្យា 3nm ដែលអភិវឌ្ឍដោយក្រុមហ៊ុន Samsung។ ប៉ុន្តែដោយសារតែមានបញ្ហាទៅលើ សង្វាក់ផលិតកម្ម បានធ្វើអោយក្រុមហ៊ុន Samsung សម្រេចធ្វើការផ្លាស់ប្តូរមកប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite នៅលើ Galaxy S25 Series ជំនួសវិញ។
