ស្វែងរកពួកយើង:

Samsung បង្ហាញគំរូបច្ចេកវិទ្យាអេក្រង់នាឡិកាដៃប្រភេទ MicroLED Display ដំបូងដែលមានកម្រិតពន្លឺខ្ពស់ដល់ 4,000nits

ដោយ

Koun Jab Luffy

08 មករា 2025 11:24 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ CES 2025 ថ្មីៗនេះក្រុមហ៊ុន Samsung Electronics បានធ្វើការដាក់បង្ហាញចេញនូវរបកគំហើញបច្ចេកវិទ្យាថ្មីៗចុងក្រោយរបស់ខ្លួន ក៏ដូចជាបច្ចេកវិទ្យាអេក្រង់របស់ក្រុមហ៊ុន Samsung Display ផងដែរ។ ដោយក្នុងនោះក្រុមហ៊ុនបានបង្ហាញនូវបច្ចេកវិទ្យាអេក្រង់ប្រភេទ MicroLED ថ្មីចុងក្រោយរបស់ខ្លួនដែលត្រូវបានរចនាឡើងសម្រាប់ប្រើនៅលើនាឡិកាដៃ Smartwatch ដែលមានកម្រិតពន្លឺខ្ពស់បំផុតមិនធ្លាប់មាន។ ទោះជាយ៉ាងណា Samsung មិនទាន់បានបញ្ជាក់ពីជំនាន់នាឡិកាដៃឆ្លាតវៃដែលត្រូវបំពាក់បច្ចេកវិទ្យាអេក្រង់ MicroLED Display ថ្មីនេះនៅឡើយទេ។
គំរូអេក្រង់ MicroLED ថ្មីដែលរចនាសម្រាប់នាឡិកាដៃឆ្លាតវៃនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថាមានកម្រិតពន្លឺខ្ពស់ដល់ទៅ 4,000nits peak brightness ដែលភ្លឺជាអេក្រង់ OLED Display ដែលប្រើនៅលើ Galaxy Watch Ultra ដល់ទៅ 33%។ គំរូអេក្រង់ MicroLED Display ជំនាន់ថ្មីសម្រាប់នាឡិកាដៃឆ្លាតវៃ ដែល Samsung បានបង្ហាញ គឺមានទំហំ 2.1-inch ជាមួយកម្រិតបង្ហាញ 418 x 540px និងកម្រិតភាពម៉ដ្ឋ 236ppi បើធៀបនឹងអេក្រង់ OLED Display ដែលប្រើនៅលើ Galaxy Watch Ultra ដែលគាំទ្រកម្រិតបង្ហាញ 480 x 480px និងកម្រិតភាពម៉ដ្ឋ 327ppi។
បើយោងតាមរបាយការណ៍ចេញពី MICROLED បានបញ្ជាក់ថា Samsung បាននឹងកំពុងធ្វើការជាមួយនាឡិការដៃឆ្លាតវៃជំនាន់ថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ MicroLED Display ហើយអាចនឹងត្រូវប្រកាសចេញនៅក្នុងឆ្នាំ 2025 នេះ។ តាមប្រភពព័ត៌មានបាននិយាយថា មិនមែនមានតែ Samsung តែមួយនោះទេ ដែលកំពុងធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យាអេក្រង់នាឡិកាប្រភេទ MicroLED Display ក្នុងនោះក្រុមហ៊ុន Garmin ក៏ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការផលិតអេក្រង់ MicroLED សម្រាប់នាឡិកាដៃជំនាន់ថ្មីម៉ូដែល Fenix 8 Series ផងដែរ។
Article image
ទន្ទឹងនឹងនេះ ក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់អាមេរិក Apple ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការស្រាវជ្រាវអភិវឌ្ឍន៍លើបច្ចេកវិទ្យាអេក្រង់នាឡិកា MicroLED សម្រាប់ប្រើនៅលើ Apple Watch Series របស់ខ្លួនផងដែរ។ ហើយបើតាមប្រភពព័ត៌មានបានរាយការណ៍ថា Apple អាចនឹងបញ្ចេញនាឡិកាដៃ Apple Watch Ultra ដែលប្រើអេក្រង់ MicroLED នៅក្នុងឆ្នាំ 2025 ផ្ទុយទៅវិញបើតាមប្រភពព័ត៌មានថ្មីចុងក្រោយបានបញ្ជាក់ថា Apple អាចនឹងពន្យាពេលក្នុងការប្រកាសចេញ Watch Ultra ដែលប្រើអេក្រង់ MicroLED រហូតដល់ឆ្នាំ 2026៕