ស្វែងរកពួកយើង:

Samsung បញ្ជាក់កាលបរិច្ឆេទនៃការប្រកាសចេញ Galaxy Z Fold Special Edition ហើយ

ដោយ

Koun Jab Luffy

17 តុលា 2024 12:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ មានប្រភពព័ត៌មានជាច្រើនរួចមកហើយ បាននិយាយទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់ម៉ូដែលថ្មីរបស់ Samsung ដែលជា Special Edition ដែលស្មាតហ្វូនអេក្រង់បត់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍នាពេលឆាប់ៗនេះ។ ដោយឡែកនៅថ្ងៃនេះ Samsung Electronics បានធ្វើការបញ្ជាក់ជាផ្លូវការណ៍នៅកាលបរិច្ឆេទក្នុងការប្រកាសចេញ Galaxy Z Fold Special Edition ហើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃនេះ Samsung បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់ Special Edition នៅថ្ងៃទី 21 ខែតុលា ដើមសប្តាហ៍ក្រោយនេះ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសសថ្មីនេះ Samsung មិនបានបង្ហាញនៅឡើយទេ។
Article image
បើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយកាលពីខែកញ្ញា កន្លងទៅ បាននិយាយថា Samsung Galaxy Z Fold Special Edition នឹងមានការផ្លាស់ប្តូរទម្រង់កញ្ចប់លែនកាមេរ៉ាមករាងជាងចតុកោណវិញ ដែលខុសពីម៉ូដែល Z Fold 6 ស្តង់ដារដែលមានរាងជាង Pill-Shaped។ ជាមួយគ្នានេះបើតាមគណនីទម្លាយព័ត៌មានល្បីឈ្មោះ គឺ  Ice Universe បានបង្ហាញរូបភាពស៊ុមជុំវិញរបស់ Galaxy Z Fold Special Edition ដែលមានរំលេចជាមួយពណ៌ទឹកមាស Rose Gold ជាមួយនឹងរចនាបែបក្រឡាសំណាញ់។
ដោយឡែកបើតាមប្រភពព័ត៌មានថ្មីៗនេះបាននិយាយថា Samsung Galaxy Z Fold Special Edition គឺនឹងមានកម្រាស់ស្តើង និងផ្នត់បត់តូចជាងម៉ូដែល Galaxy Z Fold 6។ ស្មាតហ្វូនអេក្រង់បត់ម៉ូដែលពិសេសថ្មីនៃត្រកូល Galaxy Z Fold នេះ នឹងមានអេក្រង់បត់ទំហំធំដល់ 8-inch ធៀបនឹង 7.6-inch ដែលប្រើនៅលើ Galaxy Z Fold 6។ រីឯអេក្រង់ខាងក្រៅ គឺមានទំហំធំដល់ 6.5-inch ធំជាង 6.3-inch នៅលើ Z Fold 6 បច្ចុប្បន្ន។
Article image
ប៉ុន្តែ អ្វីដែលជាដំណឹងមិនសូវរីករាយនោះ គឺថា Galaxy Z Fold Special Edition ទំនងជានឹងមានលក់តែសម្រាប់ទីផ្សារប្រទេស កូរ៉េខាងត្បូង និងចិនតែប៉ុណ្ណោះ។ យ៉ាងណាមិញយើងរងចាំមើលនៅព័ត៌មានលម្អិតផ្លូវការណ៍នាថ្ងៃទី 21 ខែតុលា សប្តាហ៍ក្រោយទាំងអស់គ្នាតែប៉ុណ្ណោះថា តើ Samsung Galaxy Z Fold Special Edition នឹងមានលក្ខណៈពិសេសអ្វីខ្លះខុសពីម៉ូដែលស្តង់ដារ ហើយតើ Samsung ពិតជានឹងចេញលក់តែសម្រាប់ទីផ្សារកូរ៉េខាងត្បូង និងប្រទេសចិនមែន ឬយ៉ាងណា៕
Samsung បញ្ជាក់កាលបរិច្ឆេទនៃការប្រកាសចេញ Galaxy Z Fold Special Edition ហើយ