
ក្នុងអំឡុងពេលពិព័រណ៍ InfoComm 2024 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន Samsung បានប្រកាសបច្ចេកវិទ្យាអេក្រង់ Color E-Paper TV ដំបូងរបស់ខ្លួន។ ទោះបីជាបច្ចេកវិទ្យាអេក្រង់នេះ កំពុងស្ថិតនៅជាគំរូដើមដែលកំពុងដំណើរការផលិតក៏ពិតមែន ប៉ុន្តែផ្នែកតាមរូបរាងរបស់វាដែលបានបង្ហាញមកនេះ បញ្ជាក់បានយ៉ាងច្បាស់ថា Samsung អាចនឹងចាប់ផ្តើមដំណើរការប្រកាសចេញផ្លូវការណ៍នាឆាប់ៗនេះ។ Color E-Paper TV គឺជាបន្ទះបង្ហាញពណ៌ទឹកថ្នាំអេឡិចត្រូនិចដែលត្រូវបានរចនាឡើងសម្រាប់ធ្វើជាផ្ទាំងបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ PSAs នៅក្នុងការិយាល័យ ផ្សារទំនើប ហាងទំនិញ ឬនៅកន្លែងសាធារណៈ។
បច្ចេកវិទ្យាអេក្រង់ Color E-Paper ដំបូងរបស់ Samsung នេះ គឺមានទំហំ 32-inch មានកម្រិតបង្ហាញ QHD ដែលអាចបង្ហាញចេញកម្រិតពណ៌រហូតដល់ 60,000 ពណ៌ ហើយវាមានកម្រាស់ត្រឹម 17.9mm និងទម្ងន់ 2.9 គីឡូក្រាម។ លក្ខណៈពិសេសរបស់ Color E-Paper TV គឺវាមិនទាមទារការប្រើប្រាស់ថាមពលថ្មសម្រាប់ការបង្ហាញរូបភាពបែប Static Image នោះទេ ពេលវេលាដែលវាត្រូវការប្រើថាមពលភ្លើង គឺនៅពេលដែលវាត្រូវធ្វើការផ្លាស់ប្តូរមាតិកាបង្ហាញនៅលើអេក្រង់ប៉ុណ្ណោះ។
Samsung color E-Paper អាចធ្វើដូច្នេះបានដោយការស្វែងរកមាតិកាដែលបានផ្ទុកជាមុននៅលើអង្គផ្ទុកទិន្នន័យរបស់វាដែលមានទំហំ 8GB ប៉ុន្តែវាក៏អាចភ្ជាប់បានតាមរយៈឧបករណ៍ភ្ជាប់ Bluetooth, Wi-FI និងរន្ធ USB-C ចំនួនពីរ ដោយមួយសម្រាប់សាកភ្លើង និងមួយទៀតសម្រាប់ការផ្ទេរទិន្នន័យចេញចូល។
ស៊ុមជុំវិញ Color E-Paper TV គឺអាចដោះបានបានយ៉ាងងាយស្រួល និងអាចប្រើជាមួយជើងភ្ជាប់ជញ្ជាំង ទំហំ 200 x 200 VESA wall mounts ផងដែរ ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះគ្រោងនឹងដាក់ឱ្យដំណើរការ Color E-Paper TV ដំបូងរបស់ខ្លួនជាមួយនឹងកម្មវិធីពិសេសដែលអាចគ្រប់គ្រងមាតិកានៅលើអេក្រង់បានកាន់តែងាយស្រួលបំផុត។ ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Color E-Paper TV មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ៕
