ស្វែងរកពួកយើង:

Samsung បានឡើងមកនាំមុខ Huawei ទៅលើស្មាតហ្វូនអេក្រង់បត់លើទីផ្សារសកលនៅត្រីមាសទី 3 នេះ

ដោយ

Koun Jab Luffy

04 ធ្នូ 2025 02:11 រសៀល

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung បានត្រឡប់មកកាន់ចំណាត់ថ្នាក់កំពូលរបស់ខ្លួនវិញហើយនៅក្នុងការប្រជែងទៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បានសម្រាប់ត្រីមាសទី 3 ឆ្នាំ 2025 នេះ ដោយបានទម្លាក់ក្រុមហ៊ុន Huawei អោយទៅឈរចំណាត់ថ្នាក់លេខ 2 វិញម្តង។ ការនាំមុខនេះ គឺដដោយសារតែវត្តមានស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Flip 7 series បានជម្រុញក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ឈានទៅកាន់ចំណាត់ថ្នាក់កំពូល និងបាមធ្វើអោយគូប្រជែងមានគ្រោះថ្នាក់ផងដែរ។
តាមការបញ្ជាក់ក្នុងរបាយការណ៍ពីក្រុមហ៊ុន Counterpoint បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជាសកលសម្រាប់ត្រីមាសទី 3 ឆ្នាំ 2025 នេះ គឺក្រុមហ៊ុន Samsung និង Huawei ជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង 2។ របាយការណ៍ខាងលើនេះ បានបន្ថែមថា ស្មាតហ្វូនបត់បានទម្រង់ Book-Style គឺបានជម្រុញទៅលើការលក់ស្មាតហ្វូនអេក្រង់បត់បាននេះ។ ដោយសារតែវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 និងភាពខ្លាំងនៃការលក់របស់ស្មាតហ្វូន Mate series របស់ក្រុមហ៊ុន Huawei បានធ្វើអោយទីផ្សារមានការហក់ឡើងខ្ពស់។
Article image
តាមព័ត៌មានខាងលើនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung មានកំណើនកើនឡើងនៃការលក់ 32% បើធៀបទៅនឹងឆ្នាំមុននេះ សម្រាប់ត្រីមាសទី 3 ឆ្នាំ 205។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 1 ដែលមានចំណែកទីផ្សារចំនួន 64%។ សូមជំរាបថា ស្មាតហ្វូន Galaxy Z Fold 7 បានបង្ហាញខ្លួនក្នុងនាមជាស្មាតហ្វូនដែលមានរូបរាងស្លីម ការពង្រឹងទៅលើ hardware ក៏តែខ្លាំងក្លា ការពង្រឹងទៅលើភាពធន់នៃត្រចៀកបត់ Hinge និងកម្រាស់ស្តើងជាងមុនផងដែរ។ ស្មាតហ្វូននេះ គឺពិតជាជម្រុញទៅលើការលក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នេះពិតប្រាកដមែន។
Article image
លើសពីនេះ នាយករងរបស់ក្រុមហ៊ុន Counterpoint ក៏ធ្វើសេចក្តីថ្លែងការណ៍មួយអំពីស្មាតហ្វូនបត់បាន 3 តង់របស់ក្រុមហ៊ុន Samsung ផងដែរ។ គាត់បាននិយាយថា “ស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នឹងផលិតនៅក្នុងចំនួនផលិតមានកំណត់។ ក្រុមហ៊ុន Samsung នឹងបន្តក្នុងការបញ្ចេញស្មាតហ្វូនបត់បានច្រើនតង់ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេផងដែរ។” សម្រាប់ក្រុមហ៊ុន Huawei គឺមានការកើនឡើង 10% ធៀបទៅនឹងឆ្នាំមុននេះទៅលើការលក់ស្មាតហ្វូនបត់បាន។ ក្រុមហ៊ុននេះមានចំណែកទីផ្សារស្មាតហ្វូនចំនួន 15% ។
Article image
ក្រុមហ៊ុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei មានការកើនឡើងទៅលើការលក់ជាមួយនឹងវត្តមាននៃស្មាតហ្វូនត្រកូល Mate Series របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន Vivo និង Honor ក៏បន្តក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Motorola ជាប់លេខ 3 ដែលមានកំណើន 16% ទៅលើការលក់ និងចំណែកទីផ្សារចំនួន 7% ។ ក្រុមហ៊ុន Honor មានការធ្លាក់ចុះ 31% និងមានចំណែកទីផ្សារចំនួន 6%។
Article image
សម្រាប់ក្រុមហ៊ុន Vivo ជាប់លេខ 4 ដែលមានការកើនឡើងទៅលើការលក់ចំនួន 67% ខណៈពេលដែលក្រុមហ៊ុន Xiaomi មានការធ្លាក់ចុះ 54% ។ សរុបមក ការលក់ស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកលនេះមានការកើនឡើង 14% ធៀបទៅនឹងឆ្នាំមុននេះសម្រាប់ត្រីមាសទី 3 ឆ្នាំនេះ ខណៈពេលដែលភាពខ្លាំងទៅលើការលក់នេះគឺមកពីក្រុមហ៊ុន Samsung និង Huawei ៕