ស្វែងរកពួកយើង:

Samsung មានគម្រោងក្នុងការប្រកាសចេញនូវឧបករណ៍ mixed-reality នៅក្នុងឆ្នាំ 2025

ដោយ

Koun Jab Luffy

05 វិច្ឆិកា 2024 10:46 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការរៀបចំឡើងវិញនូវឧបករណ៍ Extended reality (XR) និង mixed-reality (MR)  ជិតមួយទសវត្សន៍មកហើយ បន្ទាប់កាសប្រភេទ Gear VR ដែលទទួលបានជោគជ័យ និងបានត្រួសត្រាយផ្លូវសម្រាប់ទីផ្សារ VR របស់ខ្លួន។
យោងតាមរបាយការណ៍ប្រកាសហិរញ្ញវត្ថុនៅត្រីមាសទីបីរបស់ Samsung បានបង្ហាញថាឧបករណ៍ XR ជំនាន់ថ្មីទំនងជានឹងត្រូវបានបង្ហាញវត្តមាននៅឆ្នាំ 2025។ ឧបករណ៍ថ្មីនេះត្រូវបានគេរាយការណ៍ថា មានភ្ជាប់ប្រព័ន្ធកម្រិតខ្ពស់នៅក្នុងប្រព័ន្ធអេកូរបស់ Samsung ដែលពង្រឹងការប្តេជ្ញាចិត្តជាថ្មីរបស់ក្រុមហ៊ុនចំពោះបច្ចេកវិទ្យា XR។ ការផ្លាស់ប្តូរយុទ្ធសាស្រ្តនេះ កើតឡើងនៅពេលដែល Google Play Store បានណែនាំប្រភេទជាពិសេសសម្រាប់កម្មវិធី XR ដែលបង្ហាញពីការជំរុញយ៉ាងទូលំទូលាយឆ្ពោះទៅរកការទទួលយកឧបករណ៍ XR ដែលកំពុងពេញនិយម។
ការអភិវឌ្ឍន៍ឧបករណ៍ XR ជំនាន់ថ្មីរបស់ Samsung ត្រូវបានគេដឹងថាបានសហការជាមួយ ក្រុមហ៊ុន Google និង Qualcomm ។ កាលពីដើមឆ្នាំនេះ ក្នុងអំឡុងពេលនៃការប្រកាសចេញកំពូលស្មាតហ្វូន Galaxy S24 Series ក្រុមហ៊ុន Samsung បានបង្ហាញផែនការរបស់ខ្លួនសម្រាប់កិច្ចសហការនេះ។ មានពាក្យចចាមអារ៉ាមថា ឧបករណ៍ XR នឹងដំណើរការដោយបន្ទះឈីប Snapdragon XR2+ Gen 2 ហើយថ្មីៗនេះត្រូវបានគេប្រទះឃើញនៅលើបញ្ចី Geekbench ដោយបង្ហាញពី RAM ទំហំ 16GB និងអង្គគណនា 6-core ដែលល្អសម្រាប់កម្មវិធី VR។
មានការរំពឹងថា ឧបករណ៍ XR ជំនាន់ថ្មីរបស់ Samsung នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 14 ហើយឧបករណ៍ថ្មីនេះអាចរួមបញ្ចូលឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់សម្រាប់ការយល់ដឹងអំពីបរិស្ថាន ការតាមដានសុខភាពដែលមានសក្តានុពល និងការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ micro-OLED ដែលមានដង់ស៊ីតេនៃកម្រិតគ្រប់ភីកសែលខ្ពស់ និងកម្រិតពន្លឺដែលប្រសើរឡើងសម្រាប់ការមើលឃើញដ៏អស្ចារ្យ។ XR ជំនាន់ថ្មីក៏អាចនឹងមានការរួមបញ្ចូលមុខងារស្រដៀងគ្នាទៅនឹងមុខងារ Persona Mode ដែលមាននៅលើឧបករណ៍ Vision Pro របស់ Apple ផងដែរ។
សម្រាប់បញ្ហាប្រឈមសម្រាប់ឧបករណ៍ថ្មីនេះ គឺនឹងមានការប្រកួតប្រជែងពី Apple និង Meta ជាមួយនឹងផលិតផលដូចជា Apple Vision Pro និង Meta Quest series។ Samsung ទំនងជានឹងបង្ហាញឧបករណ៍ XR របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅដើមឆ្នាំ 2025 រួមជាមួយនឹងកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។ ចំពោះនិន្នាការឧស្សាហកម្មផ្លាស់ប្តូរឆ្ពោះទៅកាន់ឧបករណ៍ AR ដែលត្រូវគ្នានឹងស្មាតហ្វូន ក៏មានពាក្យចចាមអារ៉ាមថា Samsung អាចនឹងណែនាំវ៉ែនតា AR ជំនួសឱ្យកាសដែលត្រូវបានរចនាឡើងដើម្បីធ្វើការជាគូស្មាតហ្វូន។ យុទ្ធសាស្ត្រនេះអាចធ្វើឱ្យវ៉ែនតា XR របស់ Samsung ក្លាយជាគ្រឿងបន្លាស់ដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Galaxy ដោយនាំយកមុខងារជាក់ស្តែងចម្រុះចូលទៅក្នុងជីវិតប្រចាំថ្ងៃ។
យោងតាមរបាយការណ៍ ក្រុមហ៊ុន Samsung អាចនឹងលប់ចោលឈ្មោះម៉ាកយីហោ 'Galaxy' សម្រាប់កំពូលស្មាតហ្វូន S25 Series ដែលត្រៀមបង្ហាញខ្លួននៅដើមឆ្នាំ 2025 ដោយប្តូរឈ្មោះទៅជា Samsung S25 ។ លើសពីនេះ ក្នុងស្រឡាយ S25 ក៏អាចនឹងមានម៉ូដែល S25 FE ដែលមានតម្លៃធូរថ្លៃសម្រាប់អ្នកប្រើប្រាស់ដែលស្រឡាយស្មាតហ្វូនត្រកូល S  ហើយអាចដាក់លក់ក្នុងទីផ្សារជាឧបករណ៍ក្រោមឈ្មោះថា "Slim" ផងដែរ៕
Samsung មានគម្រោងក្នុងការប្រកាសចេញនូវឧបករណ៍ mixed-reality នៅក្នុងឆ្នាំ 2025