
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung តែងតែបានចំណាយប្រាក់ជាច្រើននៅក្នុងការធ្វើទីផ្សារទៅលើផលិតផលជាច្រើនរបស់ខ្លួនទៅលើការរៀបចំនូវព្រឹត្តិការណ៍ធំៗជាច្រើនជាពិសេសទៅលើការសម្ពោធស្មាតហ្វូន Galaxy S និង Galaxy Z series ដោយក្នុងនោះក៏មានការសហការជាមួយនឹងតារាល្បីៗ និងការដាក់រូបភាព Poster ផ្សព្វផ្សាយនៅកន្លែងធំៗជាច្រើនទៀតនៅជុំវិញពិភពលោកផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S25 Series ក្រុមហ៊ុននេះ ក៏មានគម្រោងនៅក្នុងការធ្វើទីផ្សារនៅក្នុងកម្រិតមួយថ្មីបន្ថែមទៀត។
ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូន Galaxy S25 Series នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 22 ខែមករាឆ្នាំ 2025 នេះនៅក្នុងទីក្រុង San Jose។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏នឹងរៀបចំនូវការជួបជុំនូវមនុស្សជាច្រើន ដែលក្នុងនោះមានបុគ្គលសំខាន់ៗមកពីឧស្សាហកម្មបច្ចេកវិទ្យា និងអ្នកសារព័ត៌មានផងដែរ។ ប៉ុន្តែ ក្រុមហ៊ុននេះមិនទាន់បញ្ឈប់នៅត្រឹមនេះទេ។ ក្រុមហ៊ុននេះ មានគម្រោងក្នុងការធ្វើទីផ្សារស្មាតហ្វូន Galaxy S25 នៅក្នុងវិធីមួយដែលថ្មីបន្តទៀត។

តាមការបញ្ជាក់ចេញពីសារព័ត៌មាន ET News បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងមានការរៀបចំនូវព្រឹត្តិការណ៍ Unpacked Night ដើម្បីប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S25 Series។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុននេះ នឹងរៀបចំអោយអ្នកមានឥទ្ធិពលកំពូលៗ (Influencer) នៅជុំវិញពិភពលោក។ ក្រុមហ៊ុន Samsung បានគិតទៅលើឥទ្ធិពលរបស់ Influencers នៅលើ Platforms ជាច្រើនដូចជា Facebook, Instagram, Snapchat, Twitter និង YouTube ជាដើម ដែលវេទិកាទាំងនេះ អាចនឹងជួយបង្កើនទៅលើការលក់ស្មាតហ្វូន Galaxy S25 ផងដែរ។

ការរៀបចំព្រឹត្តិការណ៍បែបនេះ ពិតជាមានការពេញនិយមខ្លាំងពីមនុស្សវ័យក្មេង ហើយក៏អាចនឹងក្លាយជាហេតុផលដែលក្រុមហ៊ុន Samsung រៀបចំនូវព្រឹត្តិការណ៍ Unpacked Night ដើម្បីអនុញ្ញាតអោយពួកគេអាចធ្វើការបង្ហោះរូបភាពជាច្រើនចេញពីព្រឹត្តិការណ៍នេះផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងរៀបចំនូវស្តង់ជាច្រើននៅក្នុងព្រឹត្តិការណ៍ Unpacked Night ដែលពួកគេអាចធ្វើការមើល និងតេស្តផ្ទាល់ទៅលើស្មាតហ្វូននេះរួចបង្ហោះវីដេអូខ្លីៗ សប្បាយៗនៅលើបណ្តាញសង្គម និងវេទិកា streaming វីដេអូជាដើម៕

