
យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ការប្រកាសចេញនូវស្មាតហ្វូន Samsung Galaxy A35 5G គឺនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ក្រុមហ៊ុននេះ ត្រូវបានគេឃើញថា ធ្លាប់បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនផងដែរ ហើយក៏មានការបែកធ្លាយនូវលក្ខណៈសម្បត្តិទូទៅជាច្រើនទៀតផង។ នៅពេលនេះ ស្មាតហ្វូននេះ ក៏មានវត្តមាននៅលើវិញ្ញាបនបត្រ Bluetooth SIG ផងដែរ។
នៅលើវិញ្ញាបនបត្រ Bluetooth SIG ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន Samsung Galaxy A35 ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៃប្រទេសកូរ៉េខាងត្បូងមួយនេះ មានលេខកូដ SM-A356B, SM-A356E, SM-A356E_DS និង SM-A356B_DS។ នៅក្នុងប្រព័ន្ធ Database អនឡាញនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា Bluetooth 5.3 ថែមទៀតផង។ កាលពីពេលមុននេះ ស្មាតហ្វូននេះ ក៏មានវត្តមាននៅលើ BIS រួចហើយដូចគ្នា។ ដូច្នេះវត្តមានរបស់ស្មាតហ្វូននេះ នឹងមាននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ។

ស្រដៀងគ្នានេះផងដែរ ស្មាតហ្វូនថ្មីនេះ ក៏បានបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រ FCC ផងដែរ ដែលនៅលើបញ្ជីនេះ គឺមានការទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន។ ស្មាតហ្វូន Galaxy A35 5G នេះ នឹងមានទ្រទ្រង់នូវបច្ចេកវិទ្យា 5G networking, NFC និង SD card slot។ សម្រាប់ឆ្នាំងសាក Charger គឺមានលេខកូដ EP-TA800 ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 25W wired fast charging។ ក្រឡេកមើលនៅបញ្ជី GeekBench ក៏មានការបង្ហាញថា ស្មាតហ្វូន Galaxy A35 នេះមានពិន្ទុ 697 នៅក្នុងការតេស្ត single core និងពិន្ទុ 2332 នៅក្នុងការតេស្ត multi-core ។ ស្មាតហ្វូននេះមានបន្ទះឈីប Exynos 1380 SoC និងរ៉េមទំហំ 6GB។

បន្ថែមពីនេះទៀតនោះស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 OS ផ្អែកនៅលើOne UI ផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.6-អ៊ីង បន្ទះអេក្រង់ AMOLED ដែលមានកម្រិតភាពច្បាស់ Full HD+ resolution កាមេរ៉ាមុខទំហំ 32-megapixel selfie និងមានល្បឿន 120Hz refresh rate។ ចំពោះផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាទំហំ 50-Megapixel ។ ជាមួយនឹងការឆ្លងកាត់ការចុះបញ្ជីនៅលើ Bluetooth SIG នេះ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតហ្វូននេះនៅក្នុងត្រីមាសទី 1 ៕
