
ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួននៅក្នុងពេលឆាប់នេះហើយ។ ស្មាតហ្វូនទាំងនោះរួមមានដូចជា Galaxy A55, Galaxy A35, Galaxy M55 និង Galaxy F55 ជាដើម។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការចុះបញ្ជី និងវិបសាយជាច្រើនរួចមកហើយ។ យោងតាមការបង្ហាញចេញនាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Galaxy A55 និង Galaxy A45 គឺបានចុះបញ្ជី BIS India, Bluetooth SIG, FCC, Indonesia TKDN និង Korea NRRA រួចរាល់ហើយ។
នៅថ្ងៃនេះ មានដំណឹងថ្មីថា ស្មាតហ្វូនជំនាន់ថ្មី Galaxy A55 5G គឺបានបន្តឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន NBTC របស់ប្រទេសថៃ និងស្ថាប័ន MIIT របស់ប្រទេសចិន ថែមទៀតហើយ ដោយបានលេខកូដ SM-A556E និង SM-A5560។ នៅលើបញ្ជីទាំងពីរនេះ នៅមិនទាន់មានការបង្ហាញនូវព័ត៌មានផ្លូវការណ៌ណាមួយពីស្មាតហ្វូនជំនាន់ថ្មីរនេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេនៅលើទីផ្សារជាច្រើនជុំវិញពិភពលោក។

សូមជំរាបថា Samsung Galaxy A55 5G ធ្លាប់ត្រូវបានគេទម្លាយចេញនូវព័ត៌មានជាច្រើនរួចមកហើយ។ យោងតាមការបង្ហាញវត្តមានៅលើបញ្ជី Geekbench គឺមានការបញ្ជាក់ថា Samsung Galaxy A55 5G គឺមានការបំពាក់នូវបន្ទះឈីប Exynos 1480 SoC។ បន្ទះឈីបនេះគឺ 4 Core រត់បានល្បឿន 2.5GHz និង 4 Core ទៀតរត់បានល្បឿន 2.05GHz ហើយក៏មានការគាំទ្រដោយក្រាហ្វិកាត Xclipse 530 GPU និងរ៉េម 8GB ព្រមទាំងប្រព័ន្ធប្រតិបត្តិការ Android 14 ទៀតផង។ ជាមួយគ្នានេះ នៅលើវិញ្ញាបនបត្រ TUV Rheinland, 3C និង FCC ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ឆ្នាំងសាក 25W fast charging ដែលមានលេខម៉ូដែល EP-TA800 ផងដែរ។

ផ្អែកលើការបែកធ្លាយមុននេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.5-អ៊ីង Full HD+ OLED ល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ាគោលទំហំ 50MP គ្រាប់ទីពីរទំហំ 12MP ultra-wide sensor រួមនិងគ្រាប់ទីបីទំហំ 5MP macro ផងដែរ។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 32MP ។ ស្មាតហ្វូននេះ អាចនឹងមានជម្រើស 3 ពណ៌ រួមមានដូចជា Iceblue, Awesome Lilac និង Awesome Navy។ ស្មាតហ្វូននេះ ក៏នឹងមានការបង្ហាញវត្តមានជាមួយនិងម៉ូដែល Galaxy A35 ផងដែរ។ សម្រាប់កាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការណ៌ នឹងធ្វើឡើងនៅត្រីមាសទី 2 ឆ្នាំ 2024 នេះហើយ។
