
យោងតាមការបញ្ជាក់នៅពេលនេះ បានបង្ហាញថា Samsung បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy A55 5G នៅពេលដ៏ខ្លីខាងមុខនេះហើយ បន្ទាប់ពីស្មាតហ្វូននេះ ឆ្លងកាត់នូវការចុះបញ្ជីនៅលើស្ថាប័នជាច្រើនរួចមក។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបន្តថា បង្ហាញថា ស្មាតហ្វូននេះ បានបង្ហាញវត្តមាននៅលើបញ្ជី FCC ដោយថែមទាំងមានការបញ្ចេញនូវព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។
នៅលើបញ្ជីរបស់ FCC នេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានលេខម៉ូដែល SM-A556E/DS ហើយនិងមានការបញ្ជាក់ថា នៅលើស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវស៊ីមតាត 2 (Dual SIM) ហើយនិងមានកម្លាំងសាក 25W fast charging ថែមទៀតផង។ ឆ្នាំងសាកនេះ គឺមានលេខម៉ូដែល EP-TA800។ ប្រភពខាងលើនេះបន្តថា ឆ្នាំងសាកដូចគ្នានេះ ក៏ត្រូវបានគេឃើញថា ក៏បានបង្ហាញវត្តមាននៅលើបញ្ជីរបស់ 3C certification រួចហើយផងដែរ។

ប៉ុន្តែនៅលើបញ្ជីរបស់ 3C នេះ ក៏មានការបង្ហាញព័ត៌មានស្មាតហ្វូន Samsung Galaxy A55 5G ផងដែរ ដោយមិនមានការដាក់ឆ្នាំងសាកក្នុងប្រអប់មកមួយនោះទេ។ សូមជំរាបថា ជាមួយនិងវត្តមានៅលើបញ្ជីរបស់ FCC គឺនៅមិនមានការបង្ហាញព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះនៅឡើយទេ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Exynos 1480។

គួរបញ្ជាក់ថា កាលពីពេលមុននេះ នៅលើបញ្ជីរបស់ Geekbench មានការបង្ហាញថា Galaxy A55 ក៏នឹងមានការបំពាក់នូវបន្ទះឈីបនេះដូចគ្នា។ Exynos 1480 គឺជាបន្ទះឈីបមួយដែល Core ទីមួយមានសមត្ថភាពអាចរត់បានជាមួយល្បឿន 2.75GHz និង Core មួយគ្រាប់ទៀតរត់បានល្បឿន 2.05GHz ហើយនៅលើបន្ទះឈីបនេះ ក៏មានការទ្រទ្រង់ជាមួយនូវក្រាហ្វិកកាត Xclipse 530 GPU ផងដែរ។ បន្ថែមពីនេះនៅលើបញ្ជី Geekbench នេះក៏មានការបង្ហាញទៀតថា ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB និងរត់នៅលើ Android 14 ចេញពីប្រអប់តែម្តង។
