
កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy A56 ហើយនឹងមានការដាក់លក់នៅលើទីផ្សារជាច្រើននៅជុំវិញពិភពលោករួចរាល់ហើយ នៅក្នុងនោះក៏មានទីផ្សារកម្ពុជាយើងផងដែរ។ ស្មាតហ្វូន Galaxy A56 ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បំពាក់នូវបន្ទះឈីប Exynos 1580 SoC ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់តែម្តង។
នៅថ្ងៃនេះ យោងតាមការបែកធ្លាយថ្មីមួយ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy A57 ដែលគ្រោងនឹងមានការប្រកាសចេញនៅឆ្នាំ 2026 ខាងមុខនេះ គឺនឹងមានការបំពាកនូវបន្ទះឈីបថ្មីរបស់ក្រុមហ៊ុននេះ គឺ Exynos 1680 SoC។ បើតាមការទម្លាយកន្លងមក បានអោយដឹងថា បន្ទះឈីប Exynos 1680 គឺមានលេខកូដ S5E8865 និងមានឈ្មោះថា Terra ប៉ុន្តែមិនទាន់មានការបង្ហាញពីលក្ខណៈសម្បត្តិទូទៅដែលមាននៅលើឈីបនេះនៅឡើយទេ ដោយគ្រាន់តែបង្ហើបថា បន្ទះឈីបថ្មីនេះ គឺនឹងមានការប្រើប្រាស់ជាមួយនិងក្រាហ្វិកាត Xclipse GPU ប៉ុណ្ណោះ។

ទាក់ទងជាមួយស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ម៉ូដែល Galaxy A57 នេះដែរ គិតមកដល់ពេលនេះ នៅមិនទាន់មានការទម្លាយព័ត៌មានអ្វីច្រើននៅឡើយទេ ក្រៅតែពីការបង្ហើបព័ត៌មានថ្មីពីបន្ទះឈីបថ្មីនេ។ សូមជំរាបថា ជាមួយនិងការប្រើប្រាស់បន្ទះឈីប Exynos 1580 នាពេលកន្លងមក មានការបញ្ជាក់ថា បន្ទះឈីបនេះ គឺមានសមត្ថភាពខ្លាំងប្រៀបធៀបជាមួយនិងបន្ទះឈីប 1480។ ដូច្នេះសម្រាប់វត្តមានរបស់បន្ទះឈីប Exynos 1680 នាឆ្នាំក្រោយនេះ ត្រូវបានគេជឿជាក់ថា នឹងមានសមត្ថភាពខ្ពស់ជាងនេះជាក់ជាមិនខាន។
