ស្វែងរកពួកយើង:

Samsung Galaxy Book4 Series បំពាក់អេក្រង់ OLED និងប្រើឈីប Intel-Core Ultra SoC បានប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 09:46 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Samsung ទើបតែបានប្រកាសចេញលក់កុំព្យូទ័រយួរដៃស៊េរីថ្មីម៉ូដែល Galaxy Book4 Series នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ស្រឡាយ Galaxy Book4 មានចំនួន 3 ម៉ូដែល គឺ Galaxy Book4 Pro 360, Galaxy Book4 360 និង Galaxy Book4 Pro។ ហើយសម្រាប់គុណសម្បត្តិរបស់ Galaxy Book4  ទាំងបីម៉ូដែលនេះ គឺប្រហាក់ប្រហែលគ្នា ជាពិសេសម៉ូដែល Pro 360 និង Pro តែម្តង។
សម្រាប់ម៉ូដែល Galaxy Book4 Pro 360 និង Galaxy Book4 360 គឺជាប្រភេទ 2-in-1 Laptop ចំនែកម៉ូដែល Galaxy Book4 Pro គឺជាម៉ូដែល Clamshell Laptop។ Galaxy Book4 Pro 360 និង Galaxy Book4 Pro បំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dynamic AMOLED 2x Panel ដែលគាំទ្ររីសូលូហ្ស៊ិន 2,880x1,800 ភិចសែល នៅលផ្ទៃអេក្រង់ទំហំ 16-inch។ យ៉ាងណាមិញ Samsung ក៏ផ្តល់ជូននៅជម្រើសអេក្រង់ទំហំ 14-inch ផងដែរ។ ដោយឡែកសម្រាប់ម៉ូដែល Galaxy Book4 360 គឺបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Super-AMOLED Panel កម្រិត Full-HD ទំហំ 15.6-inch។ ហើយអេក្រង់របស់ Galaxy Book4 ទាំងបីម៉ូដែល គឺគាំទ្រការប៉ះបញ្ជាផ្ទាល់លើអេក្រង់ផងដែរ។
បន្ថែមពីនេះ Galaxy Book4 Series មានដំឡើងមកជាមួយប្រព័ន្ធ Speaker បំពងសំឡេង AKG ចំនួន 4គ្រាប់ ដែលគាំទ្របច្ចេកវិទ្យាសំឡេង Dolby Atmos ថែមទៀតផង។ Galaxy Book4 Pro មានទំងន់ 1.66 គីឡូក្រាម។ ចំពោះម៉ូដែល Galaxy Book4 360 ដែលមានទំហំអេក្រង់ 14-inch និង 16-inch គឺមានទំងន់ 1.56 គីឡូក្រាម និង 1.23 គីឡូក្រាម។ សម្រាប់កំលាំងម៉ាស៊ីនវិញ Galaxy Book4 Series បានបំពាក់នូវបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Intel ស៊េរី Core-Ultra SoC។ ដោយក្នុងនោះម៉ូដែល Galaxy Book4 Pro 360 បានពាក់នូវ Intel-core Ultra 7 ភ្ជាប់ជាមួយរ៉េម LPDDR5x ទំហំ 16GB។ ចំនែកម៉ូដែល Galaxy Book4 Pro និង Galaxy Book4 360 បានបំពាក់នូវ Intel-core Ultra 7 និង Core Ultra 5។ សម្រាប់ទំហំរ៉េមវិញ គឺមានជម្រើសចាប់ពី 16GB ដល់ 32GB។
នៅលើម៉ូដែល Galaxy Book4 Pro 360 និង Galaxy Book4 Pro បានបំពាក់អង្គក្រាហ្វិច Intel Arc ខណៈ Galaxy Book4 360 បានបំពាក់ Intel Iris Xe។ Galaxy Laptop ទាំងបីម៉ូដែលនេះមានជម្រើសទំហំផ្ទុកចាប់ពី 512GB ដល់ 1TB។ Samsung Galaxy Book4 Pro 360, Book4 Pro, and Book4 360 បានបំពាក់មកនូវកញ្ចប់ថ្មទំហំ 76Wh ខណៈម៉ូដែល 14-inch មានថ្មទំហំ 63Wh និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W ដូចគ្នា។
Article image
សម្រាប់តម្លៃវិញ Samsung Galaxy Book4 Pro 360 ពណ៌ប្រផេះ ឬ Moonstone Grey គឺខ្ទង់ $1,974 ចំនែកម៉ូដែល Galaxy Book4 Pro ពណ៌ប្រផេះ Moonstone Gray និងទឹកប្រាក់ Platinum Silver មានតម្លៃចាប់ពីខ្ទង់ជាង $1,589 ឡើងទៅ។ រីម៉ូដែល Galaxy Book4 360 ពណ៌ប្រផេះ Moonstone Gray មានតម្លៃខ្ទង់ជាង $1,384។ ហើយ Samsung បានបើកទទួលការបញ្ជាទិញមុនបានចាប់ពីថ្ងៃទី20 ខែមីនានេះទៅ តាមរយះបណ្តាញចែកចាយជាដៃគូរបស់ខ្លួនជាច្រើននៅក្នុងប្រទេសឥណ្ឌា៕
Samsung Galaxy Book4 Series បំពាក់អេក្រង់ OLED និងប្រើឈីប Intel-Core Ultra SoC បានប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា