ស្វែងរកពួកយើង:

Samsung Galaxy S24 FE ត្រូវសារព័ត៌មានកូរ៉េផ្សាយថា នឹងបង្ហាញវត្តមានជាផ្លូវការនៅខែតុលា

ដោយ

Koun Jab Luffy

14 សីហា 2024 05:21 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បាននឹងកំពុងតែត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែលពិសេស Fan Edition របស់ខ្លួន Galaxy S24 FE ហើយ។ មកដល់ពេលនេះបើទោះបីជាក្រុមហ៊ុនមិនទាន់មានការបញ្ជាក់ច្បាស់ពីស្មាតហ្វូននេះក៏ដោយ ស្មាតហ្វូននេះក៏ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើ support page ក្នុងវិបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung ហើយថែមទាំងមានការទម្លាយចេញនូវព័ត៌មានសំខាន់ៗមួយចំនួនផងដែរ។
នៅថ្ងៃយោងតាមការចេញផ្សាយរបស់សារព័ត៌មានកូរ៉េ ETNews បានសេរថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល ម៉ូដែលពិសេស Fan Edition របស់ក្រុមហ៊ុន Samsung មួយនេះ គឺនឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាខែតុលាខាងមុខនេះហើយ។ Galaxy S24 FE ត្រូវបានគេនិយាយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Samsung Exynos 2400e ដែលជាឈីបថ្មីនៃ Exynos 2400 ដែលមានការបំពាក់នៅលើស្មាតហ្វូន Galaxy S24 និង S24 Plus ដែលចេញលក់នៅលើទីផ្សារនាពេលកន្លងមករួចហើយ។ ស្មាតហ្វូនថ្មីនេះ នឹងរត់នៅលើស្បែកមុខកម្មវិធី One UI 6.1.1 ដែលជាស្បែកជំនាន់ថ្មីរបស់ Samsung ដែលផ្អែកលើ Android។
Article image
ស្មាតហ្វូនម៉ូដែលពិសេសនេះ នឹងមានថ្មទំហំ 4,565mAh និងជាថ្មដែលក្រុមហ៊ុនធ្វើការពង្រឹងសមត្ថភាពខ្លាំងជាងមុន។ មានការបញ្ជាក់ថា ថាមពលថ្មនេះ អាចចាក់ចំរៀងបាន 78 ម៉ោង និងអាចចាក់វីដេអូបាន 29 ម៉ោងនៅពេលសាកពេញម្តង។ ស្មាតហ្វូន S24 FE ត្រូវបានគេព្យាករណ៌ថា នឹងមានអេក្រង់ទំហំ 6.7-អ៊ីង Full HD+ AMOLED panel រត់បានល្បឿន 120Hz refresh rate។ ហើយបន្ទះអេក្រង់នេះ ក៏មានការការពារដោយអេក្រង់ Gorilla Glass Victus+ និងមានកាមេរ៉ាមុខទំហំ 10MP នៅចំកណ្តាលអេក្រង់ផងដែរ។
និយាយពីប្រព័ន្ធកាមេរ៉ាក្រោយដែលនឹងមានការបំពាក់នៅលើស្មាតហ្វូន Galaxy S24 FE វិញ គឺត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោល នឹងមានទំហំ 50MP ហើយនិងមានអមដំណើរដោយសិនស័រកាមេរ៉ាទំហំ 12MP ultrawide sensor រួមនិងមួយគ្រាប់ទៀតមានទំហំ 8MP telephoto lens ហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងមានពណ៌ yellow, silver/white, graphite, green និង blue។ ក្រុមហ៊ុន Samsung ក៏ប្រហែលជាមានដាក់លក់ផ្តាច់មុខនូវជម្រើសពណ៌ផ្សេងៗទៀតនៅលើវិបសាយផ្លូវការរបសក្រុមហ៊ុនផងដែរ។
Article image
បន្ថែមពីនេះសារព័ត៌មាន ETNews ក៏មានសេចក្តីរាយការណ៌ថា Galaxy A16 ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារនាខែធ្នូរខាងមុខនេះផងដែរ។ ប៉ុន្តែមិនមានការបញ្ជាក់ព័ត៌មានពីលក្ខណៈសម្បត្តិទូទៅនៃស្មាតហ្វូន A16 នេះនៅឡើយទេ គ្រាន់តែដឹងថា ម៉ូដែលនេះ គឺស្មាតហ្វូនដែលមានតម្លៃសមរម្យប៉ុណ្ណោះ។