
គិតមកទល់នឹងពេលនេះ ពាក្យចចាមអារ៉ាមជាច្រើន គឺនិយាយពីស្មាតហ្វូនម៉ូដែលពិសេសរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S24 FE ប៉ុន្តែមិនទាន់ច្បាស់ថា នឹងបង្ហាញវត្តមានជាផ្លូវការនៅពេលណានោះទេ។ យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ គឺមានការបញ្ចេញនូវភាពច្បាស់លាស់នៃស្មាតហ្វូនស៊េរីថ្មីនេះហើយ។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម X នៅថ្ងៃនេះ គឺមានបញ្ចេញនូវរូបភាពថ្មីមួយ ដែលបង្ហាញពីការធ្វើតេស្តជាមួយស្បែកមុខកម្មវិធី One UI នៅលើស្មាតហ្វូនជំនាន់ថ្មី S24 FE ហើយ។
បើតាមអ្វីដែលបង្ហាញនៅលើបញ្ជី Samsung Firmware Server នោះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE មានលេខម៉ូដែល S721BXXU0AXE3 / S721BOXM0AXE3 / S721BXXU0AXE3។ មានការបង្ហាញថា លេខម៉ូដែល SM-S721B គឺជាស្មាតហ្វូន S24 FE ដែលនឹងដាក់លក់នៅលើទីផ្សារអឺរ៉ុប។ ប្រភពខាងលើនេះបន្តថា ប្រសិនបើនេះគឺជាការតេស្តលើកដំបូងទៅលើកម្មវិធី One UI នោះ ស្មាតហ្វូននេះ S24 FE អាចនឹងមានវត្តមាឆាប់ៗនេះហើយ។ ប៉ុន្តែនៅពេលនេះ ស្មាតហ្វូននេះ នៅស្ថិតនៅក្នុងរង់ចាំនៅឡើយ។

សូមជំរាបថា ស្មាតហ្វូនម៉ូដែលពិសេស Samsung Galaxy S24 FE នេះ ត្រូវបានគេទម្លាយចេញកាលពីមុននេះថា នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារនាចុងឆ្នាំ 2024 ឬនៅរដូវក្តៅខាងមុខនេះ។
