
គ្រួសារកំពូលស្មាតហ្វូន Samsung Galaxy S24 Series គឺពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ចាប់តាំងពីថ្ងៃបង្ហាញខ្លួនកាលពីខែមករាកន្លងទៅ។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុននៅលើទីផ្សារក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដោយក្នុងនោះក៏មានទីផ្សារប្រទេសឥណ្ឌា និងទីផ្សារកំណើតរបស់ Samsung ផងដែរ គឺកូរ៉េខាងត្បូង។
នៅពេលនេះដែរ Samsung បានបញ្ចេញរបាយការលក់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series របស់ខ្លួននៅក្នុងប្រទេសកំណើត ដោយក្នុងរបាយការណ៍បានបញ្ជាក់ថា មកទល់នឹងពេលនេះ Samsung Galaxy S24 Series លក់បានចំនួនដល់ទៅ 1 លានគ្រឿងរួចហើយ។
បើតាមការបញ្ជាក់ពី Samsung ការលក់ Galaxy S24 Series បានចំនួន 1 លានគ្រឿងក្នុងទីផ្សារកូរ៉េខាងត្បូង គឺមានរយះពេលនៃការលក់ 28 ថ្ងៃ គិតចាប់ពីថ្ងៃដែលបានប្រកាសចេញលក់នៅរួចមក។ ការលក់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S24 Series គឺបានបំបែកកំនត់ត្រាលក់ដាច់បំផុតសម្រាប់គ្រួសារ Galaxy S-Series ជំនាន់មុន គឺ Galaxy S8 Series នៅក្នុងរយះពេល 9 ថ្ងៃ។
ប៉ុន្តែ នៅចាញ់កំនត់ត្រាលក់របស់ Galaxy Note 10 Series សម្រាប់រយះពេលដូចគ្នា ប៉ុន្តែ Galaxy S24 Series បានបំបែកកំនត់ត្រាលក់របស់ Galaxy Note 10 Series ក្នុងបរិមាណតិចតួចនៅក្នុងរយះពេលលក់ 3 ថ្ងៃ។ Samsung Galaxy Note 10 Series បានបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019។
ក្នុងរបាយការណ៍បានបញ្ជាក់ដូច្នេះថា បងធំ Galaxy S24 Ultra គឺលក់ដាច់ខ្លាំងជាងគេ ដោយមានចំនួនលក់ប្រមាណ 55% នៅក្នងចំនួនលក់សរុបរបស់ Galaxy S24 Series នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Samsung មិនទាន់បានបញ្ចេញតួលេខនៃការលក់ Galaxy S24 Series នៅក្នុងបណ្តាប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកនៅឡើយទេ។

ហើយបើតាមគណនី Ice Universe បានធ្វើការព្យាករណ៍ថា Samsung នឹងលក់ Galaxy S24 Series នៅទូទាំងទីផ្សារពិភពលោកបានចំនួន 10 លានគ្រឿង ក្នុងរយះពេលមួយខែរាប់ចាប់តាំងពីថ្ងៃប្រកាសចេញ។ នៅក្នុងទីផ្សារសហរដ្ឋអាមេរិកវិញ Galaxy S24 Series គឺលក់បានចំនួន 3.2 លានគ្រឿង ដែលជាកំនត់ត្រាលក់ដាច់បំផុតរយះពេល 8 ឆ្នាំ បន្ទាប់ពីការលក់ដាច់បំផុតនៃជំនាន់ Galaxy S8 Series៕
