
កំពូលស្មាតហ្វូន Samsung Galaxy S24 Series បានក្លាយជាកំពូលស្មាតហ្វូនដែលមានអេក្រង់ល្អជាងគេបំផុតក្នុងទីផ្សារស្មាតហ្វូនពេលបច្ចុប្បន្ន នេះបើតាមការធ្វើតេស្តដោយឯករាជ្យរបស់ DxOMark។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ទាំងបីស៊េរីបានយកឈ្នះទៅលើគុណភាពអេក្រង់របស់ Galaxy Z Fold 5, Z Flip 5, iPhone 15 Series, Google Pixel Fold, OnePlus Open និង Honor Magic 5 Pro នៅក្នុងតារាងរបស់ DxOMark។
កំពូលស្មាតហ្វូន Samsung Galaxy S24 Ultra ត្រូវបាន DxOMark វាយតម្លៃជាស្មាតហ្វូនដែលមានអេក្រង់ល្អបំផុតជាងគេនៅលើទីផ្សារស្មាតហ្វូនពិភពលោក និងទីផ្សារស្មាតហ្វូនកម្រិត Ultra-Premium ចំនែក Galaxy S24 និង Galaxy S24 Plus បានឈរនៅចំណាត់ថ្នាក់ទី 2 បន្ទាប់ពី Galaxy S24 Ultra។ ហើយអ្វីដែលចាប់អារម្មណ៍ គឺថា Google Pixel 8 និង Pixel 8 Pro ក៏មានពិន្ទុគុណភាពអេក្រង់ប្រហាក់ប្រហែលគ្នានឹង Galaxy S24 និង S24 Plus ផងដែរ។

ម៉ូដែល Galaxy S24 បានឈរនៅលំដាប់ជួរមុខសម្រាប់គុណភាពអេក្រង់ស្ថិតក្នុងជម្រើសស្មាតហ្វូន Premium ដែលមានតម្លៃចន្លោះពី $600 ទៅ $800 រីម៉ូដែល Galaxy S24 Plus គឺជាម៉ូដែលទីលេខ 2 ស្ថិតក្នុងជួរស្មាតហ្វូន Premium ដែលមានជួរតម្លៃចាប់ពីខ្ទង់ជាង $800 បន្ទាប់ពី Galaxy S24 Ultra ដែលជា Ultra-Premium។ ទោះបីជាបញ្ហាតូចមួយចំនួនដែលអ្នកប្រើប្រាស់ធ្លាប់មានបញ្ហានៅលើបន្ទះអេក្រង់របស់ Galaxy S24 Series គឺមុខងារបង្ហាញពណ៌ Vivid Mode ផ្តល់នូវកម្រិតទឹកពណ៌មិនគ្រប់គ្រាន់ ហើយមុខងារ AOD ហាក់ដូចជាមានភាពស្រអាប់បន្តិច។

Samsung បានប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ LTPO Dynamic AMOLED 2X ថ្មីនៅលើបងប្អូន Galaxy S24 Series ជាមួយនឹងការបំពេញបន្ថែមនូវមុខងារ Vision Booster ដែលបានធ្វើឱ្យប្រសើរឡើងនូវកម្រិត Adaptive Color Tone គឺពិតជាមានភាពអស្ចារ្យបំផុត។ ហើយនៅឆ្នាំនេះ Samsung បានបង្កើនគុណភាពអេក្រង់របស់ម៉ូដែល Galaxy S24 Plus ជាមួយគុណភាពបង្ហាញចេញខ្ពស់ដល់កម្រិត Quad-HD+ ជាមួយកម្រិតពន្លឺខ្ពស់ដល់ 2,600nits។

ខណៈម៉ូដែល Galaxy S24 Ultra ត្រូវបានស្រោបការពារបន្ថែមជាមួយសារធាតុកញ្ចក់ជំនាន់ថ្មី Corning Gorilla Glass Armor។ សម្រាប់បច្ចេកវិទ្យាកញ្ចក់ការពារថ្មី Gorilla Glass Armor គឺជាលក្ខណៈពិសេសបំផុតបើធៀបនឹងជំនាន់មុន ដោយវាមិនត្រឹមតែធ្វើការបានល្អអស្ចារ្យទៅនឹងការប្រឆាំងជាមួយចំណាំងឆ្លុះលើផ្ទៃកញ្ចក់ ទោះបីជាស្ថិតក្រោមពន្លឺថ្ងៃខ្លាំងយ៉ាងណាក៏ដោយ ហើយធន់នឹងការកកិតឆ្កូតផងដែរ៕
