ស្វែងរកពួកយើង:

Samsung Galaxy S24 Ultra នឹងត្រូវប្រើប្រាស់សម្រាប់ថតផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស នារដូវក្តៅខាងមុខនេះ

ដោយ

Koun Jab Luffy

19 មិថុនា 2024 04:11 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung electronics កំពុងសហការជាមួយគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC) និងសេវាផ្សព្វផ្សាយព្រឹត្តិការណ៍អូឡាំពិក (Olympic Broadcasting Services ហៅកាត់ថា OBS) ដើម្បីធ្វើការចាក់ផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ 2024 ដែលនឹងប្រារព្ធធ្វើឡើង នារដូវក្តៅខាងមុខនេះ នៅទីក្រុងប៉ារីសប្រទេសបារាំង។
ដោយនៅថ្ងៃដំបូងសម្រាប់ព្រឹត្តិការណ៍អូឡាំពិក នឹងមានការរៀបចំកម្មពិធីប្រកាសបើកព្រឹត្តិការណ៍ដែលនឹងត្រូវធ្វើឡើងនៅខាងក្រៅពហុកីឡដ្ឋានមួយ ខណៈដែលអត្តពលិកនឹងដង្ហែរក្បួននៅលើវេទិកាបណ្ដែតទឹកនៅតាមដងទន្លេ Seine ។ ដោយក្នុងនោះ Samsung នឹងរៀបចំដំឡើងកំពូលស្មាតហ្វូន Samsung Galaxy S24 Ultra ចំនួនជាង 200 គ្រឿង ភ្ជាប់នៅលើទូកទាំងទាំងអស់ដើម្បីធ្វើការចាក់ផ្សាយក្បួនដង្ហែរនេះ ដោយមានការសហការជាមួយក្រុម ហ៊ុនបណ្តាញ 5G ឯកជនមួយរបស់ប្រទេសបារាំង។
Article image
ការផ្សាយបន្តផ្ទាល់សម្រាប់ពិធីក្បូនដង្កែរសម្រាប់ការបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ នឹងត្រូវធ្វើឡើងដោយសហការជាមួយក្រុមហ៊ុន Orange ដែលកំពុងដំឡើងអង់តែនប្រព័ន្ធសេវា 5G ច្រើនជាងរាប់សិបនៅតាមដងទន្លេ។ ក្រុមហ៊ុន Orange ក៏នឹងមានការរៀបចំទូកដែលដើរតួជាអង់តែនមេដើម្បីធ្វើការបញ្ជូនសេវា 5G ក្នុងអំឡុងពេលនៃក្បួនដង្ហែផងដែរ ដើម្បីធានាស្ថិរភាពនៃប្រព័ន្ធសេវា។ ហើយបច្ចេកវិទ្យាដូចគ្នានេះនឹងត្រូវអនុវត្តចំពោះការប្រកួតជិះទូកក្ដោងនៅទីក្រុង Marseille ដែលជាទីក្រុងមេឌីទែរ៉ាណេមានចម្ងាយ 650 គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងទីក្រុងប៉ារីស ដែលអនុញ្ញាតឱ្យអ្នកគាំទ្រដើរតាមកីឡាករអូឡាំពិកដែលជានិមិត្តរូបរបស់ពួកគេនៅលើផ្លូវបាន។
Article image
ក្រុមហ៊ុន Samsung និយាយថា នេះ គឺជាជំហានបន្ទាប់ក្នុងការចូលរួមក្នុងរយៈពេលបីទសវត្សរ៍របស់ខ្លួននៅក្នុងការប្រកួតកីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក។ តាមទម្លាប់របស់ Samsung គឺតែងតែបានប្រគល់ជូនស្មាតហ្វូនជំនាន់ចុងក្រោយបំផុតរបស់ខ្លួនដល់អត្តពលិកទាំងអស់ដែលចូលរួម ហើយបានផ្តល់នូវផលិតផលស្មាតហ្វូនជាង 120,000  គ្រឿងចាប់តាំងពីព្រឹត្តិការណ៍អូឡាំពិកដែលប្រារព្ធធ្វើឡើងនៅទីក្រុង Nagano ប្រទេសជប៉ុន នាឆ្នាំ 1998។ បានការរំពឹងថា Sansung ក៏នឹងមានការផ្តល់ជូននូវផលិតផលស្មាតហ្វូនជំនាន់ថ្មីដល់អត្តពលិកក្នុងឆ្នាំនេះ ដែលអាចជាកំពូលស្មាតហ្វូន Galaxy S24 Ultra ផ្ទាល់ ឬក៏ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6  ដែលរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ៕