ស្វែងរកពួកយើង:

Samsung Galaxy S25 Edge នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែឧសភាខាងមុខនេះ!

ដោយ

Koun Jab Luffy

07 មេសា 2025 04:21 ល្ងាច

អាន 2 នាទី

Article image
កាលពីខែមុននេះ មានលេចចេញនូវរបាយការណ៍ថ្មីមួយ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S25 Edge នឹងមានការបង្ហាញខ្លួននៅថ្ងៃទី 15 ខែមេសាខាងមុខនេះហើយ។ ប៉ុន្តែស្របពេលដែលមានដំណឹងនេះ ក៏មានការអាប់ដេតថ្មីមួយចេញពីសារព័ត៌មាន ET News របស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ដែរថា ការបង្ហាញស្មាតហ្វូននេះ អាចនឹងមានការពន្យាពេលទៅកាន់ចន្លោះខែឧសភា និងមិថុនាវិញ។
នៅពេលនេះ របាយការណ៍ថ្មីមួយទៀតចេញពី SamMobile ដែលជាប្រភពជឿជាក់បាននោះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនក្នុងការប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Galaxy S25 Edge នៅខែក្រោយនេះហើយ។ បន្ថែមពីនេះ ក៏មានការបែកធ្លាយនូវរូបភាព និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាបន្តបន្ទាប់ផងដែរ។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Edge នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែឧសភានេះ ដោយមានការពន្យាពេលជាង 1 ខែពីកាលបរិច្ឆេទដំបូង។ ហេតុផលនៃការផ្លាស់ប្តូរនេះនៅមិនទាន់ច្បាស់នោះទេ។ ក្រុមហ៊ុន Samsung ប្រហែលជាអាចនឹងធ្វើការប្រកាសសម្ពោធស្មាតហ្វូននេះតាមរយៈការធ្វើបទបង្ហាញអនឡាញជាជាងការរៀបចំព្រឹត្តិការណ៍ធំក្នុងការសម្ភោធន៍ស្មាតហ្វូននេះ។ ជាមួយគ្នានេះ បើតាមរយៈរូបភាពដែលចែករំលែកចេញពីអ្នកទម្លាយ CID បានអោយដឹងថា ស្មាតហ្វូន Galaxy S25 Edge នេះនឹងមានអេក្រង់ទំហំ 6.6-អ៊ីង កម្រិត 2K AMOLED display ជាមួយនឹងកម្រិតល្បឿន 120Hz refresh rate ហើយក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។
ស្មាតហ្វូននេះ មានកម្រាស់ 5.84mm និងទម្ងន់ 162g ដោយតួទាំងមូលគាំទ្រជាមួយនឹងការប្រើប្រាស់គែមទីតាញ៉ូម និង IP68 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 200-Megapixel អមជាមួយនឹងមុខងារ OIS, 12-Megapixel ultra-wide ហើយនិងមានកាមេរ៉ាខាងមុខទំហំ 10-Megapixel ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Android 15 ជាមួយនឹង One UI 7 ដែលអាចធ្វើការអាប់ដេត Android OS និង security patch បានដល់ទៅ 7 ឆ្នាំ។
Article image
បើមើលទៅលើកម្លាំងម៉ាស៊ីនវិញនោះ ស្មាតហ្វូន Galaxy S25 Edge នេះ នឹងប្រើប្រាស់នូវបន្ទះឈីប  Snapdragon 8 Elite រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB Storage ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3,900mAh និងបច្ចេកវិទ្យាសាកថ្មលឿន  25W wired fast charging។ ស្មាតហ្វូននេះ មានទំហំ 12GB+256GB និង 12GB+512GB ជាមួយនឹងពណ៌ Titanium Silver, Titanium Jetblack និង  Titanium Icyblue ។ បើមើលទៅលើតម្លៃរបស់ស្មាតហ្វូននេះ នៅក្នុងទីផ្សារអ៊ឺរ៉ុបគឺ 1249 អ៊ឺរូ៕
Samsung Galaxy S25 Edge នឹងបង្ហាញខ្លួននៅថ្ងៃទី 13 ខែឧសភាខាងមុខនេះ!