
នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S25 Edge ផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ប្រកាសចេញនូវកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន Flagship នេះនៅឡើយទេ។ ខណៈដែលការបែកធ្លាយចុងក្រោយបំផុតនោះ គឺមានការទម្លាយនូវលក្ខណៈសម្បត្តិមួយចំនួននៃអេក្រង់ផ្នែកខាងមុខ និងប្រព័ន្ធកាមេរ៉ានៅខាងក្រោយរបស់ស្មាតហ្វូននេះហើយ។
ព័ត៌មានថ្មីនេះ ត្រូវបានទម្លាយចេញពី PandaFlash ដែលបានចែកចាយនៅលើបណ្តាញសង្គម X។ PandaFlash បានអះអាងថា កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺទំហំ 200MP និងមានការអមដំណើរជាមួយឡែន 12MP ultra wide angle lens។ កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺមានសមត្ថភាពដូចទៅនឹងសិនស័រដែលក្រុមហ៊ុន Samsung បានបំពាក់នៅលើស្មាតហ្វូន Galaxy Ultra ផងដែរ។ ដោយសារតែស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge មិនមានសិនស័រ telephoto នោះ ដូច្នេះនៅលើស្មាតហ្វូននេះ គឺមិនមាន optical zoom នោះទេ។

គួររំលឹកផងដែរថា ស្មាតហ្វូន Galaxy S25 Ultra នេះ មានកាមេរ៉ាគោលទំហំ 200MP គាំទ្រជាមួយនឹងកម្រិត f/1.7 aperture, multi-directional PDAF និងមុខងារ OIS ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge ត្រូវគេរំពឹងថា អាចមានសមត្ថភាពស្ថិតនៅក្នុងចន្លោះនៃស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultra។ បើមើលទៅលើផ្នែកខាងមុខវិញនោះ ស្មាតហ្វូន Edge អាចនឹងមានកញ្ចក់ Corning Gorilla Glass Victus 2 សម្រាប់ការពារផងដែរ។ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra គឺប្រើប្រាស់នូវកញ្ចក់ Gorilla Armor 2។

បើតាមពាក្យចចាមជាច្រើនបានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នេះនឹងមានអេក្រង់ទំហំ 6.7-អ៊ីង។ ស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S25 ផងដែរ ស្មាតហ្វូន Edge នេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 3,900mAh និងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 25W wired fast charging ផងដែរ៕
