ស្វែងរកពួកយើង:

Samsung Galaxy S25 Series នឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite

ដោយ

Koun Jab Luffy

22 តុលា 2024 07:50 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Qualcomm បានប្រកាសចេញជាផ្លួវការណ៌នូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន Snapdragon 8 Elite ហើយនៅក្នុងព្រឹត្តិការណ៌ Snapdragon Summit 2024 នៅរដ្ឋហាវៃសហរដ្ឋអាមេរិក។ ដូចការរំពឹងទុកអញ្ចឹង បន្ទះឈីបនេះ គឺមានការពង្រឹងសមត្ថភាពខ្លាំងជាងមុនទាំងទៅលើកម្លាំងម៉ាស៊ីន ការលេងហ្គេម ការផលិតរូបភាព និងវីដេអូ ក៏ដូចជាបច្ចេកវិទ្យា AI (Artificial Intelligence)។ បន្ទាប់ពីការប្រកាសនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិតៗជាច្រើនបានចាប់ផ្តើមប្រើប្រាស់បន្ទះឈីបនេះនៅលើស្មាតហ្វូនរបស់ខ្លួនហើយ។
យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនធំមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើននៅលើពិភពលោក បានសម្រេចប្រើប្រាស់នូវបន្ទះឈីបSnapdragon 8 Elite ថ្មីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S25 Series ដែលគ្រោងនឹងប្រកាសចេញឆ្នាំក្រោយនេះផងដែរ។ សូមជំរាបផងដែរថ្មីៗនេះ ក៏មានពាក្យចចាម អារ៉ាមជាច្រើនបាននិយាយថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែពិចារណាទៅលើការប្រើប្រាស់នូវបន្ទះឈីបសម្រាប់ថ្មី Galaxy S25 Series នៅឆ្នាំក្រោយនេះដូចគ្នា។
Article image
នៅក្នុងពាក្យចចាមអារ៉ាមនោះ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងធ្វើដូចគ្នាជាមួយនិងការប្រកាសចេញនូវស Galaxy S24 series អញ្ចឹងដែរ។ ដោយក្រុមហ៊ុនបានសម្រេចប្រើប្រាស់បន្ទះឈីប Exynos 2400 សម្រាប់ Galaxy S24 និង Galaxy S24+ នៅលើទីផ្សារមួយចំនួន ខណៈដែលទីផ្សារស្មាតហ្វូន Galaxy S24 Ultra គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នៅលើទីផ្សារសកល។
Article image
បន្ថែមពីនេះ ពាក្យចចាមអារ៉ាមកន្លងមក ក៏ធ្លាប់មានការបញ្ជាក់ថា Samsung បាននឹងកំពុងតែធ្វើការនៅលើបន្ទះឈីប Exynos 2500 ដែលគ្រោងនឹងបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ផងដែរ។ ប៉ុន្តែរបាយការណ៌ថ្មីនេះ បានទម្លាយថា សង្វាក់ផលិតកម្មទៅលើបន្ទះឈីប 3nm របស់ក្រុមហ៊ុន Samsung នៅមិនទាន់អាចស្របតាមតម្រូវការនៅឡើយទេ ដូច្នេះការនាំចេញបន្ទះឈីប Exynos 2500 ទំនងជាមិនអាចគ្រប់គ្រាន់នៅក្នុងការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះបាននោទេ។
Article image
ដូច្នេះហើយសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Samsung ប្រហែលជានឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite តែមួយប៉ុណ្ណោះសម្រាប់ Galaxy S25 series ឬក៏អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek ទៅលើស្មាតហ្វូនម៉ូដែលស្តង់ដារ និងម៉ូដែល Plus របស់ស្មាតហ្វូន Galaxy S25 Series ក៏ថាបាន។ មកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ស្ថិតនៅក្នុងបញ្ជីដៃគូររបស់ Qualcomm នៅក្នុងព្រឹត្តការណ៌ Snapdragon 8 Elite រួចហើយ។