
ក្រុមហ៊ុន Samsung ត្រូវបានគេព្យាករណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2500 នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 និង S25+ នៅលើទីផ្សារប្រទេសច្រើន។ ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាមនិយាយថា បន្ទះឈីបដែលមានការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ នឹងមិនមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីចំនួន 3 នៃត្រកូល S-Series ដែលគ្រោងនឹងមានការប្រកាសចេញនៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នោះទេ។
ប្រភពខាងលើនេះ និយាយថា ក្រុមហ៊ុន Samsung នឹងមានប្រើប្រាស់នៅលើស្មាតហ្វូន S25 FE និងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ ក្រុមហ៊ុន Samsung តែប៉ុណ្ណោះ។ ការដែលក្រុមហ៊ុន Samsung ពន្យាពេលទៅលើការប្រកាសចេញនូវបន្ទះឈីបថ្មី Exynos គឺដោយសារតែពេលនេះ ក្រុមហ៊ុនធ្វើការងារបានត្រឹមតែ 55% ប៉ុណ្ណោះ ខណៈដែលតម្រូវនៃការគ្រោងទុក្ខគឺមានចំនួនដល់ទៅ 70%។ ខណៈដែលមានការបញ្ជាក់ពីការប្រើប្រាស់ Exynos 2500 នៅលើស្មាតហ្វូនជំនាន់ថ្មី S25 FE មានការព្យាករណ៌ថា នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី អាចនឹងមិនដូចគ្នានោះទេ។
គួរបញ្ជាក់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលមានលក់កន្លងមក ភាគច្រើនគឺប្រើប្រាស់បន្ទះឈីប Snapdragon ដូច្នេះ ជាមួយនិងការផ្លាស់ប្តូរទៅកាន់ Exynos គឺអាចនឹងធ្វើអោយស្មាតហ្វូននេះអាចនឹងមានបញ្ហាដោយសារតែសមត្ថភាពរបស់បន្ទះឈីប Exynos នាពេលកន្លងមក។
សូមជំរាបផងដែរថា ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ហើយស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Exynos 2400។ ដូច្នេផ្អែកលើព័ត៌មាននេះអ្នកទម្លាយបានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 FE ដែលនឹងមានការប្រកាសចេញនៅខែមេសាខាងមុខនេះ លឿនជាងការរំពឹងទុក។

ក្រឡេកមកមើលបន្ទះឈីប Exynos 2500 ត្រូវបានគេជឿជាក់ថា នឹងដំណើរការនៅលើបច្ចេកវិទ្យាកម្រិត 3nm របស់ក្រុមហ៊ុន Samsung។ ជាមួយគ្នានេះក៏មានពាក្យចចាមអារ៉ាមនិយាយថា Exynos 2500 នឹងសមត្ថភាពខ្ពស់ជាង Snapdragon 8 Gen 4 និង Dimensity 9400 ថែមទៀតផង។
