
ថ្មីៗនេះក្រុមហ៊ុន Samsung Electronics បានបង្ហាញព័ត៌មានថា Samsung Galaxy S25 Series ដែលចេញនៅដើមឆ្នាំ 2025 នឹងមានប្រើបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួន គឺ Exynos 2500។ ដោយឡែកកាលពីថ្ងៃទី 31 ខែកក្កដា ជាថ្ងៃដែលក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិញ្ញវត្ថុប្រចាំត្រីមាសទីពីររបស់ខ្លួន លោក Daniel Araujo ដែលជានាយកក្រុមហ៊ុនផ្នែក Samsung MX របស់ Samsung បានបង្ហើបថា កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នឹងមានការបង្កើននូវចំនុចពិសេសៗកំពូលៗមួយចំនួនបន្ថែមពីលើជំនាន់មុន។
លោកបានបញ្ជាក់ថា Samsung បាននឹងកំពុងធ្វើការរៀបចំនៅប្រព័ន្ធ Aps និងអង្គម៉េមូរីដើម្បីជួយបង្កើនសមត្ថភាពនៃប្រព័ន្ធដំណើរការបច្ចេកិវទ្យា AI ដែលនឹងផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដ៏អស្ចារ្យបំផុត។ យ៉ាងណាមិញលោក Araujo មិនបានបញ្ជាក់ថា មានម៉ូដែលណាខ្លះក្នុងចំនោម Galaxy S25 ទាំងបីស៊េរីដែលទទួលបានការ Upgrade ថ្មីនោះទេ ឬក៏មានតែម៉ូដែលបងធំ Galaxy S25 Ultra។

យោងទៅលើប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា បងធំ Galaxy S25 Ultra នឹងទទួលបានការបំពាក់នូវប្រព័ន្ធសែនស័រ កាមេរ៉ាកម្រិតខ្ពស់ថ្មីដូចជាមានសែនស័រ 3x telephoto ទំហំ 50MP និង Ultrawide ទំហំ 50MP ជំនួសឲ្យសែនស័រទំហំ 12MP Ultrawide និង 10MP 3x telephoto ដែលប្រើនៅលើ Galaxy 24 Ultra បច្ចុប្បន្ន។ ចំនែក 5x Periscope telephoto វិញ គឺនៅរក្សាដែល ដូចនេះមានន័យថា Galaxy S25 Ultra នឹងដំឡើងមកជាមួយប្រព័ន្ធសែនស័រកាមេរ៉ា 200MP Main + 50MP Ultrawide + 50MP telephoto + 50MP Periscope telephoto។
ប្រភពព័ត៌មានចចាមអារ៉ាមបានបញ្ជាក់ទៀតថា Samsung Galaxy S25 Series នឹងប្រើបន្ទះឈីបជំនាន់ថ្មីចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដែលត្រៀមបង្ហាញវត្តមាននៅចុងឆ្នាំនេះ ហើយក៏មានម៉ូដែលប្រើបន្ទះឈីបជំនាន់ថ្មីរបស់ Samsung ផងដែរ គឺ Exynos 2500។ ហើយព័ត៌មានដែលទទួលបានការចាប់អារម្មខ្លាំងជាងនេះ គឺលេចលឺដំណឹងថា Samsung ក៏កំពុងគិតគួរក្នុងការប្រើប្រាស់បន្ទះឈីបកំពូលរបស់ក្រុមហ៊ុន MediaTek សម្រាប់ផលិតផលស្មាតហ្វូន និង Tablet របស់ខ្លួនថែមទៀតផង។

បន្ថែមពីនេះ Samsung Galaxy S25 Ultra អាចនឹងមានជម្រើសរ៉េមទំហំធំដល់ 16GB។ សម្រាប់អេក្រង់វិញ ម៉ូដែល Galaxy S25 អាចនឹងមានអេក្រង់ទំហំធំជាងមុនឡើងដល់ 6.36-inch ដែលធំជាង 6.2-inch និង 6.1-inch ដែលប្រើនៅលើ Galaxy S24 និង Galaxy S23។ យ៉ាងណាមិញសម្រាប់បច្ចកវិទ្យាអេក្រង់សម្រាប់ Galaxy S25 Series មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេក្នុងពេលនេះ៕
