
បើតាមប្រភពព័ត៌មានចុងក្រោយ Samsung Electronics នឹងចេញលក់កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2025។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series ត្រូវបានគេដឹងថា នឹងមានសមាជិកថ្មីមួយបន្ថែមទៀត ដែលត្រូវបានគេដឹងថាជា Galaxy S25 Slim។
យោងតាមប្រភពចេញពីឧស្សាហកម្មផលិត បានបញ្ជាក់ថា Samsung នឹងប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked 2025 ដើម្បីដាក់សម្ភោធផ្លូវការណ៍កំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នៅថ្ងៃទី 23 ខែមករា ឆ្នាំ 2025 វេលាម៉ោង 3:00AM ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង។ បងប្អូន Galaxy S25 នឹងបង្ហាញវត្តមានបើកឆាកដំបូងគេក្នុងព្រឹត្តិការណ៍ថ្ងៃនោះ។ ហើយការបើកទទួលការបញ្ជាទិញមុនសម្រាប់ Galaxy S25 Series នឹងត្រូវធ្វើឡើងមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍បានបញ្ចប់ គឺនៅថ្ងៃទី 24 និងរហូតដល់ថ្ងៃទី 3 ខែកុម្ភៈ ហើយអតិថិជនដែលបានបញ្ជាទិញមុន នឹងទទួលបាន Galaxy S25 Series មុនថ្ងៃទី 4 ខែកុម្ភៈ ខណៈការចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសកូរ៉េខាងត្បូងនឹងធ្វើឡើងនៅថ្ងៃទី 7 ខែកុម្ភៈ។
ឆ្នាំនេះគ្រួសារស្មាតហ្វូនកំពូល Galaxy S25 នឹងមានសមាជិកចំនួន 4 ម៉ូដែល គឺ Galaxy S25, S25 Plus, S25 Ultra និងសមាជិកថ្មី Galaxy S25 Slim។ សម្រាប់ S25 Slim ត្រូវបានគេទម្លាយកន្លងមកថា ជាស្មាតហ្វូនដែលមានការរចនាឡើងជាមួយកម្រាស់ស្តើង និងទំងន់ស្រាលបំផុត ដែលអាចស្តើងជាង 7mm ទៅទៀត។ ហើយម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា នឹងបំពាក់ថាមពលថ្មទំហំប៉ុនគ្នានឹងថ្មរបស់ Galaxy S25 Ultra ដែរ។ Galaxy S25 Slim នឹងជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតរបស់ Samsung បន្ទាប់ពីម៉ូដែល Galaxy Alpha ដែលបានប្រកាសចេញកាលពីឆ្នាំ 2014 ជាមួយកម្រាស់ 6.7mm និងទំងន់ 115 ក្រាមប៉ុណ្ណោះ។

បងប្អូនកំពូលស្មាតហ្វូន Galaxy S25 នឹងបង្កើននូវអនុភាពប្រព័ន្ធដំណើរការកាន់តែប្រសើរជាងជំនាន់មុន ស្របពេលដែល Samsung ត្រូវបានគេរាយការណ៍ថា មានបញ្ហាប្រឈមក្នុងសង្វាក់ផលិតបន្ទះឈីបជំនាន់ថ្មី Exynos 2500 របស់ខ្លួន ដូចនេះ សម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីទាំងអស់ គឺនឹងប្រើកំពូលឈីប Snapdragon 8 Elite របស់ Qualcomm។ សម្រាប់បងធំ Galaxy S25 Ultra ត្រូវបានគេដឹងថា នឹងមានជម្រើសរ៉េមទំហំធំដល់ 16GB ជាមួយម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំ 512GB ដល់ 1TB ហើយនិងក្លាយជាម៉ូដែល Ultra ក្នុងត្រកូល Samsung Galaxy ដែលមានរ៉េមធំជាងគេបំផុតចាប់តាំងពីការបង្ហាញវត្តមានម៉ូដែល Ultra ដំបូងក្នុងជំនាន់ Galaxy S21 Series (S21 Ultra)។

ម៉ូដែលបងធំ Galaxy S25 Ultra ក៏នឹងមានការ Upgrade ទៅលើសែនស័រកាមេរ៉ា Ultra-wide ផងដែរ គឺបង្កើនទំហំសែនស័រពី 12MP នៅលើ Galaxy S24 Ultra ឡើងទៅទំហំ 50MP សម្រាប់ S25 Ultra។ ជាមួយគ្នានេះ Galaxy S25 Series ក៏នឹងបង្ហាញវត្តមានជាមួយការបំពាក់នូវប្រតិបត្តិការជំនាន់ថ្មី OneUI 7 ដែលមានការដុសខាតកាន់តែល្អប្រសើរទៅលើបច្ចេកវិទ្យា Generation AI ជំនាន់ថ្មី កាន់តែមានភាពឆ្លាតវៃថែមទៀតផង៕
