ស្វែងរកពួកយើង:

Samsung Galaxy S25 Ultra នឹងមានតម្លៃថ្លៃជាង Galaxy S24 Ultra

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2024 07:39 ព្រឹក

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra ដែលត្រៀមបង្ហាញវត្តមាននៅដើមឆ្នាំ 2025 ខាងមុខនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយកំពូលស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានការបង្កើននូវមុខងារប្រើប្រាស់ថ្មី និងធ្វើការកែលម្អទៅលើផ្នែករឹងកាន់តែខ្ពស់ជាងជំនាន់មុន។ ស្របពេលជាមួយគ្នានេះ បើតាមការលេចលឺព័ត៌មានថ្មីចុងក្រោយនេះ បានបង្ហើបថា Galaxy S25 Ultra នឹងកើនតម្លៃខ្ពស់ជាង Galaxy S24 Ultra បច្ចុប្បន្នប្រមាណជាជាង $100។
យោងតាមគណនីទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិនឈ គឺ Digital Chat Station បាននិយាយថា Samsung Galaxy S25 Ultra នឹងកើនតម្លៃខ្ពស់ជាងតម្លៃ Galaxy S24 Ultra ប្រមាណ $110 ការកើនតម្លៃនេះ ក៏ព្រោះតែកត្តាតម្លៃសមាសធាតុផលិត (BoM) មានតម្លៃថ្លៃ។
Article image
Samsung Galaxy S25 Ultra នឹងមានតម្លៃចាប់ពីខ្ទង់ $1,299.99 ដល់ $1,400 នៅក្នុងទីផ្សារមួយចំនួន។ ដែលនឹងធ្វើឲ្យ Galaxy S25 Ultra ក្លាយជាស្មាតហ្វូនដែលមានតម្លៃថ្លៃបើធៀបនឹងគូប្រជែងដូចជា iPhone16 Pro Max ដែលមានតម្លៃចាប់ពីខ្ទង់ $1,199 និង Google Pixel 9 Pro XL មានតម្លៃចាប់ពីខ្ទង់ $10,99។ កត្តាកើនតម្លៃរបស់ Galaxy S25 Ultra ត្រូវបានគេដឹងថា គឺការប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8 Elite ដែលមានសមត្ថភាពខ្ពស់ជាងមុនប្រមាណ 25% ទៅ 30% ដែលត្រូវបានគេដឹងថា អាចនឹងមានតម្លៃប្រមាណ $200 ក្នុងមួយដើម។
Article image
លើសពីនេះ S25 Ultra ត្រូវបានចចាមអារ៉ាមនិយាយថា នឹងបំពាក់បច្ចេកវិទ្យាបន្ទះអេក្រង់ថ្មី M14 Display ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហា 'grainy display' ដែលឃើញនៅក្នុងម៉ូដែលមុនៗ ខណៈពេលដែលផ្តល់ពន្លឺកាន់តែខ្ពស់ជាងមុន។ ផ្ទុយទៅវិញក៏មានរបាយការណ៍និយាយថា Samsung អាចនឹងបន្តប្រើនឹងបន្ទះអេក្រង់ M13 Display ដែលប្រើនៅលើ Galaxy S24 Ultra បច្ចុប្បន្ន ដើម្បីកាត់បន្ថយតម្លៃ៕
Samsung Galaxy S25 Ultra នឹងមានតម្លៃថ្លៃជាង Galaxy S24 Ultra