
បើយើងនិយាយពីក្រុមហ៊ុនឌីស្សាញស្មាតហ្វូន Flagship ដែលមានកម្រាស់ស្តើង និងទំងន់ស្រាលជាងគេ គឺជាក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង។ ហើយបើតាមប្រភពព័ត៌មានថ្មីចុងក្រោយនេះ បានបង្ហើបថា គ្រួសារកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S26 របស់ Samsung ដែលត្រៀមបង្ហាញខ្លួននាដើមឆ្នាំ 2026 ខាងមុខនេះ គឺមានកម្រាស់ស្តើង និងទំងន់ស្រាលជាង iPhone 17 Series របស់ Apple។
យោងតាមគណនី @UniverseIce បានធ្វើការចែករំលែកតួរលេខទំងន់របស់បងប្អូន Galaxy S26 នៅលើគណនី X ដោយបានបង្ហាញថា ម៉ូដែល Galaxy S26 គឺមានទំងន់ 164 ក្រាម, Galaxy S26+ មានទំងន់ 191 ក្រាម និង Galaxy S26 Ultra មានទំងន់ 214 ក្រាម។ តួរលេខនេះបង្ហាញថា ម៉ូដែល Galaxy S26 និង S26 Ultra គឺមានទំងន់ស្រាលជាងជំនាន់ Galaxy S25 និង S25 Ultra បន្តិច ខណៈម៉ូដែល Galaxy S26+ មានទំងន់ស្រាលជាងប្រមាណ 1 ក្រាមធៀបនឹង Galaxy S25+។ ជាមួយគ្នានេះ បើតាមទិន្នន័យទំងន់ដែលបានទម្លាយចេញមកនេះ ក៏បានបង្ហាញថា គ្រួសារ Galaxy S26 ទាំងបីស៊េរី គឺមានទំងន់ស្រាល់ជាង iPhone 17 Series របស់ Apple ថែមទៀតផង។

បើតាមការចុះបញ្ចីដែលបានទម្លាយចេញកាលពីខែកញ្ញា កន្លងទៅបានបង្ហាញថា Galaxy S26 Ultra មានទំងន់ 217 ក្រាម ដែលមានភាពខុសគ្នាបន្តិចជាមួយរបាយការណ៍ថ្មីនេះដែលមានទំងន់ប្រមាណ 214 ក្រាម។ ទោះជាយ៉ាងណា នេះគ្រាន់តែជាតួរលេខមិនទាន់ផ្លូវការណ៍នោះទេ វានឹងមានការប្រែប្រួលបន្តិចបន្ទូចនៅពេលផលិតផលសម្រេចប្រកាសចេញផ្លូវការណ៍។

បើតាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា Galaxy S26 មានទំហំថ្មធំជាងជំនាន់ Galaxy S25 បន្តិច ខណៈម៉ូដែល Galaxy S26+ និង Galaxy S26 Ultra នៅតែរក្សាថ្មទំហំ 4,900mAh និង 5,000mAh ដូចជំនាន់មុនដដែល។ ប្រសិនបើដូចនេះមែន គឺមានន័យថា Galaxy S26 Ultra មានទំហំថ្មតូចជាង iPhone 17 Pro Max ដែលមានថ្មទំហំ 5,088mAh៕
