
បើយើងនិយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S26 Ultra គឺនៅសល់ពេលជាច្រើនខែទៀតទំរាំដល់ដើមឆ្នាំ 2026 ខាងមុខ ប៉ុន្តែសម្រាប់ព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះ គឺមានការចែកចាយថ្មីជារៀងរាល់ថ្ងៃ។ នៅថ្ងៃនេះយោងតាមការទម្លាយថ្មីមួយមានប្រភពមកប្រទេសចិនបាននិយាយថា Galaxy S26 Ultra អាចនឹងមានការផ្លាស់ប្តូរទៅលើកាមេរ៉ាគោលកាន់តែខ្លាំងជាងមុន។
ប្រភពខាងលើនេះបានបញ្ជាក់ថា សិនស័រកាមេរ៉ាដែលគ្រោងនឹងប្រើប្រាស់នៅលើស្មាតហ្វូននេះថ្នាក់ប្រណិតមួយនេះ គឺនឹងមានការបំពាក់ដោយសិនស័រកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Sony ដែលមានកម្រិត 1/1.1 អ៊ីង ដែលទ្រទ្រង់ជាមួយនិងកាមេរ៉ាទំហំ 200MP។ សម្រាប់សិនស័រថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺមានការតម្លើងនូវកម្រិត Pixels កាន់តែច្រើន។
គួរបញ្ជាក់ថា វត្តមានរបស់ Galaxy S25 Ultra នាពេលកន្លងមក គឺមានការប្រើប្រាស់នូវសិនស័ររបស់ក្រុមហ៊ុន Samsung ISOCELL HP2 មានទំហំ 200MP និងគាំទ្រដោយកម្រិត 1/1.3"។ សម្រាប់សិនស័រថ្មីរបស់ក្រុមហ៊ុន Sony នេះ គឺមានកម្រិតពន្លឺខ្ពស់ជាង ដូច្នេះសម្រាប់ការផលិតរូបភាពនៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ នឹងមានគុណភាពខ្ពស់ជាងមុនជាមិនខាន។

សូមជំរាបថាកន្លងមកមានការទម្លាយថា Samsung នឹងមានការប្រើប្រាស់សិនស័រ Sony ថ្មីនេះនៅលើ Galaxy S27 Ultra ឆ្នាំ 2027 ផងដែរ។ នៅពេលនេះអ្នកតាមដានគ្រប់គ្នាសង្ឃឹមថា S26 Ultra នឹងមានការប្រើប្រាស់សិននេះដែរ ប៉ុន្តែមិនមានការបញ្ជាក់ណាមួយទេ។
