
Galaxy Z Flip FE ដែលជាស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃសមរម្យរបស់ក្រុមហ៊ុន Samsung ត្រូវបានគេសង្ស័យថា ប្រហែលជាមិនអាចប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Exynos 2500 នោះទេ។ ប្រភពខាងលើនេះនិយាយថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់ឈីបមួយដែលមានឈ្មោះថា Exynos 2400e ដែលជាបន្ទះឈីបថ្មីមានសមត្ថភាពអន់ជាងបន្តិចពីបន្ទះឈីប Exynos 2400 ដែលមានការបំពាក់នូវស្មាតហ្វូន Galaxy S24 និង S24 Plus ដែលបង្ហាញវត្តមានកាលពីឆ្នាំ 2024 កន្លងទៅនេះ។
នៅថ្ងៃនេះ យោងតាមសេចក្តីរាយការណ៌ថ្មីពីប្រភពជឿជាក់បានមួយ បង្ហាញថា ស្មាតហ្វូននេះ មានឈ្មោះថា “B7R” និងមានការប្រើប្រាស់នូវបន្ទះឈីបដែលមានលេខម៉ូដែល “S5e9945” ដែលគេប៉ាន់ស្មានថា គឺជាឈីប Exynos 2400/2400e។ សម្រាប់ Exynos 2400e គឺធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 FE រួចហើយ ដោយរត់នៅលើ Prime Cortex-X4 core និងក្រៅពីនេះដូចគ្នានឹងឈីបស្តង់ដារ Exynos 2400។ របាយការណ៌ដដែលនេះបន្តថា ក្រុមហ៊ុន Samsung ប្រហែលជាមានការប្រើប្រាស់នូវ IPoP (Integrated Package on Package) សម្រាប់បន្ទះឈីបនេះ។

ទាក់ទងនឹងព័ត៌មាននេះដែរ មានការទម្លាយព័ត៌មានផ្សេងថា ក្រុមហ៊ុននេះ អាចនឹងមានការពន្យាពេលទៅលើការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃសមរម្យមួយនេះ ដោយសារតែការចង់បាននូវការប្រើប្រាស់នូវបន្ទះឈីបថ្មី Exynos 2500 ដើម្បីធ្វើអោយស្មាតហ្វូន Flip FE នេះ មានការចាប់អារម្មណ៌កាន់តែខ្លាំង។ តែយ៉ាងណាក៏ដោយ សម្រាប់សង្វាក់ផលិតកម្មទៅលើបន្ទះឈីប Samsung 3nm នេះ គឺធ្វើឡើងសម្រាប់តែស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Samsung S25 series ប៉ុណ្ណោះ ដោយសារការប្រើប្រាស់ឈីប Snapdragon 8 Elite មានតម្លៃខ្ពស់។

យោងតាមការបញ្ជាក់កន្លងមកបានអោយដឹងថា Exynos 2500 គឺមិនទាន់អាចប្រើប្រាស់តាមតម្រូវការរបស់ Samsung MX សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នៅឡើយទេ។ មានការបញ្ជាក់ថា Samsung Foundry នៅមិនទាន់អាចធ្វើការបានរលូនទៅលើសង្វាក់ផលិតកម្មបន្ទះឈីបថ្មីនេះនោះទេ។ ជាក់ស្តែងក្រុមហ៊ុន Google ក៏បានដកខ្លួនចេពី Samsung ងាកទៅ TSMC វិញផងដែរទាក់ទងនឹងការផលិតបន្ទះឈីប Tensor G5។
