
Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន Galaxy Z Flip8 ជាមួយនិង Galaxy Z Fold8 នៅរដូវក្តៅឆ្នាំក្រោយ។ នៅថ្ងៃនេះ យោងតាមប្រភពចេញពីប្រទេសកូរ៉េខាងត្បូងបានបង្ហើនអោយដឹងថា វត្តមានរបស់ម៉ូដែលថ្មីនេះ នឹងមានភាពខុសប្លែកពីជំនាន់មុនរបស់វា។ ប្រភពខាងលើនេះបន្តថា Flip8 នឹងមានកម្រ៉ាស់ស្តើងជាងមុន 10% ហើយនិងស្រាលជាងមុនផងដែរ។
Samsung Galaxy Z Flip8 អាចនឹងមានកម្រ៉ាស់ត្រឹម 6mm នៅពេលបើក និងកម្រ៉ាស់ 12mm នៅពេលដែលបត់ ហើយអាចនឹងមានទម្ងន់ប្រហែលជា 170g។ ការឌីស្សាញថ្មីនេះ អាចនឹងធ្វើអោយការលក់របស់ស្មាតហ្វូនអេក្រង់បត់ Flip8 និង Fold8 កើនឡើងបាន 10% ប្រៀបធៀបជាមួយនិងការលក់ Flip7 និង Fold7 នាពេលកន្លងមក។ ក្រុមហ៊ុននេះបានធ្វើការព្យាករណ៌ថា ការលក់ស្មាតហ្វូន Flip8 និង Fold8 គឺមានគោលដៅធ្វើអោយបានចំនួន 6.7 លានគ្រឿង។

ជាមួយនិងការឌីស្សាញទៅលើ Z Flip8 អោយមានកម្រ៉ាស់ស្តើងជាងមុននេះ គឺដោសារតែការលក់ទៅលើ Flip7 មានកម្រិតទាប ហើយថែមទាំងមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុនចិន ដែលបច្ចុប្បន្ននេះមានកម្រ៉ាស់ស្តើងខ្លាំង ហើយនិងមានទម្ងន់ស្រាលគួរអោយទាក់ទាញសម្រាប់ការប្រើប្រាស់។ ហើយមួយវិញទៀតនៅឆ្នាំ 2026 ខាងមុខនេះ ក្រុមហ៊ូន Apple ដែលជាដៃគូរប្រជែងដ៏ធំរបស់ Samsung ក៏អាចនឹងបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ផងដែរ ដូច្នេះអាចនិយាយបានថា នេះគឺជាហេតុផលដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបង្កើននូវការឌីស្សាញសម្រាប Flip8 នេះអោយមានការចាប់អារម្មណ៌។
