
មានពាក្យចចាមអារ៉ាមថា ព្រឹត្តិការណ៍ថ្មី Galaxy Unpacked របស់ក្រុមហ៊ុន Samsung នឹងរៀបចំឡើងនៅដើមខែកក្កដាខាងមុខនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ត្រូវបានគេរំពឺងថា នឹងបង្ហាញនូវស្មាតហ្វូនបត់បានថ្មី ស្មាតវ៉ច កាសស្តាប់ឥតខ្សែ និង Galaxy Ring នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ការបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនអំពីស្មាតហ្វូនបត់បាន Galaxy Z Fold 6 ផងដែរ។
នៅពេលនេះ ស្មាតហ្វូនបត់បានថ្មីនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើន។ នៅលើវេបសាយ FCC បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Samsung Galaxy Z Fold 6 មានលេខម៉ូដែល SM-F956U និងមានការបញ្ជាក់អំពីការឌីស្សាញទៅលើស្មាតហ្វូនបត់បាននៅក្នុងទម្រង់ CAD ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏មានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន wireless charging ហើយមានឆ្នាំងសាកជាមួយនឹងលេខកូដ EP-P5400។សម្រាប់ឆ្នាំងសាក wired charger របស់ស្មាតហ្វូននេះ គឺមានលេខកូដ EP-TA800។ នៅលើវិញ្ញាបនបត្រ 3C ក៏មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ និងបច្ចេកវិទ្យាសាកថ្មលឿន 25W fast charging ផងដែរ។

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 6 នេះ នឹងមានរន្ធ USB-C ហើយសម្រាប់ Connectivity នៅលើស្មាតហ្វូនបត់បាននេះ គឺមាន Bluetooth, NFC, WPT, Ultrawide-Band និង WiFi 5.8GHz នេះបើតាមការបង្ហាញនៅលើបញ្ជីរបស់ FCC នេះ។ សូមជំរាបថា ស្មាតហ្វូន Samsung Galaxy Z Fold 6 នេះ ក៏បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench កាលពីដើមខែនេះផងដែរ។ នៅលើបញ្ជីនេះបង្ហាញថា ស្មាតហ្វូននេះ គឺមានបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 12GB។ ស្មាតហ្វូននេះមានពិន្ទុ 1,964 និង 6,619 នៅក្នុងការតេស្ត Single-Core និង Multi-Core។ ស្មាតហ្វូនបត់បាននេះ គឺមានពណ៌ Navy, Silver Shadow, Light Pink, Crafted Black និងពណ៌ស៕
