
មួយរយៈមកនេះក្រុមហ៊ុន Samsung មានពាក្យចចាមអារ៉ាមថា នឹងអង្រួនទីផ្សារស្មាតហ្វូនដែលអាចបត់បាននៅឆ្នាំនេះដោយការចេញលក់ Galaxy Z Fold 6 ជំនាន់ថ្មីដែលមានតំលៃថោក ហើយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលមានតម្លៃធូរថ្លៃនោះ ទំនងជានៅដើមខែ ឬពាក់កណ្តាលខែកក្កដាឆ្នាំនេះ។
សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 ដែលមានតម្លៃធូរថ្លៃនោះត្រូវបានគេ រំពឹងថា ទំនងជានឹងមានតម្លៃប្រហែលខ្ទង់ $800 ដែលជាតម្លៃធូរថ្លៃជាងពាក់កណ្តាលនៃតម្លៃរបស់ជំនាន់ Galaxy Z Fold 5។ ហើយការបញ្ចេញលក់ Galaxy Z Fold 6 ដែលមានតម្លៃធូរថ្លៃ គឺជាយុទ្ធសាស្ត្រថ្មីក្នុងការក្តោបយកទីផ្សារស្មាតហ្វូនអេក្រង់បត់បន្ថែមទៀតរបស់ Samsung។
យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Samsung នៅឡើយទេមកទល់នឹងពេលនេះ ប៉ុន្តែ បើព័ត៌មាននេះពិតប្រាកដមែននោះ Samsung នឹងអាចទទួលបានអតិថិជនថ្មីបន្ថែមទៀតសម្រាប់ស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។ បើតាមប្រភពព័ត៌មាន Samsung Galaxy Z Fold 6 ដែលមានតម្លៃធូរថ្លៃ នឹងមានការឌីស្សាញប្រព័ន្ធកញ្ចប់កាមេរ៉ាស្រដៀងគ្នានឹងប្រព័ន្ធកាមេរ៉ា Galaxy Z Fold 5 ដែរ។ បន្ថែមពីនេះ Samsung ក៏ធ្លាប់បានបង្ហើបថា Samsung ក៏នឹងប្រើប្រាស់សមាសភាគផលិតពីក្រុមហ៊ុនផ្គត់ផ្គង់ដូចគ្នានឹង Galaxy Z Fold 5 ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនដែលមានភាគរយទីផ្សារស្មាតហ្វូនអេក្រង់បត់លំដាប់ទីពីរបន្ទាប់ពី Samsung ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើការវាយលុកទីផ្សារស្មាតហ្វូនអេក្រង់បត់សកលកាន់តែខ្លាំងជាមួយស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីៗរបស់ខ្លួនដែលមានទាំងម៉ូដែល Fold និង Flip ផងដែរ។

ហើយបើ Samsung ពិតជាធ្វើការប្រកាសចេញ Galaxy Z Fold ដែលមានតម្លៃធូរថ្លៃពិតមែននោះ វាគឺជាយុទ្ធសាស្ត្រថ្មីក្នុងឆ្លើយតបទៅនឹងក្រុមហ៊ុន Huawei។ ទោះជាយ៉ាង យើងនឹងបានដឹងនៅពេលដែល Samsung មានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6 នៅចុងខែកក្តដា ឬដើមខែសីហា ឆ្នាំ 2024 ខាងមុខនេះ៕
